កូរ៉េអនុញ្ញាតិអោយកម្ពុជានាំចូលស្វាយទៅប្រទេសកូរ៉េក្នុងខែធ្នូឆ្នាំ២០១៩នេះ
| ព័ត៌មានជាតិ
SHARE

តាមគេហទំព័រហ្វេសបុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តមវេង សាខុន បានអោយដឹងថាកម្ពុជានឹងអាចនាំស្វាយចូលទៅកាន់ប្រទេសកូរ៉េនៅក្នុងខែធ្នូឆ្នាំ២០១៩នេះបន្ទាប់ពីភាគីកូរ៉េបានអនុម័តនូវការអនុញ្ញាតិអោយនាំស្វាយចូលទៅប្រទេសកូរ៉េកាលពីចុងខែតុលាកន្លងទៅនេះ។

ដំណឹងដ៏ល្អនេះ បានអោយដឹងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារនិងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េនៅទីក្រុងប៊ូសានកាលពីម្សិលមិញ។

ក្នុងនោះ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណដល់ភាគីកូរ៉េនិងស្នើសុំបន្ថែមនៅកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េលើការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជាដើម្បីផ្លាស់ប្តូរនៅបទពិសោធន៍ដែលកសិកម្មកូរ៉េបានឆ្លងកាត់។

ឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារនិងអភិវឌ្ឍន៍ជនបទនៃសាធារណៈកូរ៉េ បានស្វាគមន៍នូវសំណើររបស់កម្ពុជានិងសន្យាជួយដល់ការអភិវឌ្ឍន៍លើការដាំដំណាំក្នុងផ្ទះកញ្ចក់ដែលអាចធានាដល់ការផលិតបន្លែគ្រប់រដូវ ការពារសត្វល្អិតនិងមានគុណភាពខ្ពស់ ដើម្បីជំរុញការផលិតក្នុងស្រុកនិងកាត់បន្ថយការនាំចូល។

សូមបញ្ជាក់ថា ស្វាយទំាងនោះនឹងត្រូវពិនិត្យគុណភាពតាមរយៈរោងចក្រធ្វើប្រព្រឹត្តកម្មចំហាយទឹកក្តៅដើម្បីបំពេញស្តង់ដាររបស់ទីភ្នាក់ងារសត្វព្រៃនិងរុក្ខជាតិរបស់កូរ៉េខាងត្បូងសំរាប់ការនាំចេញស្វាយទៅប្រទេសនេះ។

កម្ពុជាបាននាំស្វាយទៅកាន់បណ្តាប្រទេសអឺរ៉ុប ថៃ វៀតណាមជាដើម។ ដំណាំស្វាយសរុបរបស់ប្រទេសកម្ពុជាត្រូវបានដាំលើផ្ទៃដី១០៥,៣០០ហិចតា និងទទួលផលផ្លែស្វាយបាន១,២តោន៕
អត្ថបទ៖ហៃពិសី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation