ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើកឡើងពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ជាមួយនឹងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ
| ព័ត៌មានជាតិ
SHARE

 ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានកោតសរសើរ ពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីនាំគ្នាដោះស្រាយ ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានភាពវៃឆ្លាត។

ការលើកឡើងរបស់លោក Christian Berger បែបនេះ ក្នុងសន្និសីទផ្សព្វផ្សាយគម្រោងលំនៅស្ថានដែលមានចីរភាពសម្រាប់ប្រជាជនបង្កើនគុណភាពរស់នៅក្នុងទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះនៅសណ្ឋាគារសាន់វេ ស្ថិតក្នុងខណ្ឌដូនពេញ។

លោក Christian Berger បានមានប្រសាសន៍លើកឡើងបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ បើនិយាយពីឆ្នាំ ១៩៩១ និងឆ្នាំ២០១៩នេះ គឺរាជធានីភ្នំពេញមានការខុសប្លែកគ្នាខ្លាំងណាស់ ដោយនៅឆ្នាំ២០១៩នេះរាជធានីភ្នំពេញមានអគារខ្ពស់រាប់សិបជាន់ជាច្រើន មានរថយន្តជាច្រើនគ្រឿងចរាចរណ៍នៅលើដងផ្លូវ ដែលនេះបានបង្ហាញពីការរីក ចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋទទួលបាននូវជីវភាពល្អប្រសើរជាងមុន។  លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបន្តឲ្យដឹងថា ទន្ទឹមនឹងនេះក៏មានការខូចបង់ទៅវិញផងដែរ ដោយការអភិវឌ្ឍនេះវាបានធ្វើឲ្យកើនឡើងនូវកម្ដៅ ការបាត់បង់នូវ ព្រែក បឹងជាដើម ដែលនេះជាហានិភ័យមួយដែលយើងទាំងអស់គ្នាគួរតែដឹងនិងស្វែងយល់ឲ្យបានច្បាស់ ពោលគឺកាលណាយើងធ្វើការអភិវឌ្ឍ ក្រុងមួយយើងត្រូវតែគិតមុនពីហានិភ័យនេះ។ 

ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា រាល់ការអភិវឌ្ឍរបស់រាជធានីភ្នំពេញគឺយើងបានគិតគូរទៅលើរឿងបរិស្ថានទាំងអស់ ដោយបរិស្ថានគឺជាដង្ហើមរស់របស់មនុស្ស។ជាការគិតគូរ របស់រដ្ឋបាលរាជធានីភ្នំពេញ រាល់ការសាងសង់អគារខុនដូបុរី បើម្ចាស់ទាំងនោះមិនគិតគូរដល់ការដាំដើមឈើនៅក្នុងបុរីក៏ដូចជាខុនដូទាំងនោះទេ គឺមិនអនុញ្ញាតឲ្យសាងសង់អគារទាំងនោះទេ។ លោកបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងមួយបើមិនគិតពីបញ្ហាបរិស្ថានទេគឺទទួលការបរាជ័យ។ លោកបន្តថា សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការស្ដារលូ ក៏ដូចជាយកទឹកចេញពីរាជធានី ក្នុងមួយឆ្នាំអស់ថវិកាប្រមាណជា១៥លានដុល្លារ ខណៈដែលទទួលប្រាក់ ពីប្រជាពលរដ្ឋលើការងារនេះ បានប្រមាណតែបីលានដុល្លារតែប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក Christian Berger ក៏បានបញ្ជាក់ផងដែរថា ការបង្កើតឲ្យមានកម្មវិធីខាងលើនេះ ឡើងគឺ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដូចជា ការបម្រែបប្រួលអាកាសធាតុ ការកើនឡើងនូវកម្ដៅ ការកើនឡើងនូវតម្រូវការប្រជាពលរដ្ឋ ដោយនៅរាជធានីភ្នំពេញ តាមការប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០៣០ខាងមុខនេះ ប្រជាពលរដ្ឋអាចនឹងកើនឡើង ៣លាននាក់ ពេលនោះផ្ទះសម្បែងអគារធំៗ ក៏ត្រូវតែកើនឡើងទៅតាមនោះដែរ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation