ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លើកឡើងថាវេទិកាសាធារណៈ គឺជាការងារសំខាន់និងចាំបាច់បំផុត ត្រូវចុះដល់មូលដ្ឋានផ្ទាល់ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ
ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លើកឡើងថាវេទិកាសាធារណៈ គឺជាការងារសំខាន់និងចាំបាច់បំផុត ក្នុងនាមជាសមាជិកក្រុមប្រឹក្សាមានតួនាទីជាតំណាងប្រជាពលរដ្ឋ ត្រូវតែចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីដឹងសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋលើកឡើងក្នុងមូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយជូនគាត់។
លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លើកឡើងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៦ វិច្ឆិកានេះនៅរដ្ឋបាលខណ្ឌចំការមន។ លោកព្រំ សំខាន់ បានបន្ថែមឲ្យដឹងថា សូមឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ ដែលបានបែងចែកជាក្រុមរួលរាល់ហើយនោះ ទទួលខុសត្រូវតាមសង្កាត់រៀងៗខ្លួនចូលឲ្យជ្រៅនៅគ្រប់វេទិកាសាធារណៈនៅក្នុងសង្កាត់ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ស្របតាមការណែនាំរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ លោកបន្ថែមថាក្នុងនាមរដ្ឋបាលខណ្ឌគឺត្រូវដើរទន្ទឹមគ្នាមិនអាចហែកចេញពីគ្នារវាងគណៈអភិបាលខណ្ឌ និងក្រុមប្រឹក្សាខណ្ឌបានទេ ដើម្បីការងាររីកចម្រើននិងរកដំណោះស្រាយជូនប្រជាពលរដ្ឋក៏ដូចជារកសន្តិភាពជូនប្រទេសជាតិ។
របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមនប្រចាំខែវិច្ឆិកា បានអោយដឹងថាគណៈបញ្ជាការឯកភាពសង្កាត់ បានរៀបចំវេទិកាសាធារណៈស្តីពីការអនុវត្តផែនការសកម្មភាព អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ចំនួន ៥លើក/៥សង្កាត់ ដែលមានសកម្មភាពចូលរួម ជាគណៈអភិបាល, លោកអធិការ, លោកចៅសង្កាត់ ចៅសង្កាត់រង, លោកនាយក នាយករងប៉ុស្តិ៍, សមាជិកក្រុមប្រឹក្សាសង្កាត់, មេភូមិ, ប្រធានក្រុម, ប្រជាពលរដ្ឋចូលរួមចំនួន ៤៣៥នាក់ ស្រី ២៤៧នាក់។ ក្នុងនោះប្រជាពលរដ្ឋបានសំណូមពរ៖ ចំនួន១១ករណីឲ្យអាជ្ញាធរសង្កាត់ជួយដោះស្រាយពាក់ព័ន្ធបញ្ហា សុំជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចំនួន ០៦ករណី, សុំជួយជំរុញឲ្យក្រុមហ៊ុន ស៊ិន ទ្រី ប្រមូលសំរាមបានស្អាតនិងទៀងពេលចំនួន ០១ករណី, សុំឲ្យអាជ្ញាធរបង្ក្រាបបានអ្នកលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិចំនួន ០១ករណី, សុំឲ្យអាជ្ញាធរចុះត្រួតពិនិត្យគ្រឿងញៀន និងជក់ថ្នាំ ក្មេងទំនើង ចំនួន ០១ករណី, សុំឲ្យអាជ្ញាធរជួយដាក់លូអំពូលភ្លើង កាប់មែកឈើ ចាក់បំពេញផ្លូវចំនួន ០២ករណ៍៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា