៩ខែ ឆ្នាំ២០១៩ មនុស្ស២៨៨នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពត
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៤។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរអង្គភាពមន្ត្រីរាជការជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកសមត្ថកិច្ចកងកំលាំងទាំងបី សិស្សនិស្សិត និងយុវជនកាយរិទ្ធ យុវជនកាកបាទក្រហមយុវជនស.ស.យ.កខេត្តប្រមាណជិត ៣០០នាក់។

លោក ជីញ គួង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពតបានធ្វើរបាយការណ៍ឲ្យដឹងថា នៅក្នុងរយៈពេល៩ ខែដើមឆ្នាំ២០១៩ នេះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពតមានចំនួន ១៩២ ករណីក្នុងនោះស្លាប់ ៤៦ នាក់របួសធ្ងន់១៣៧នាក់ របួសស្រាល ១០៥នាក់។ករណីបង្កគ្រោះថ្នាក់មានរថយន្តខូចកម្រិតស្រាល៧៧ គ្រឿងរថយន្តខូចកំរិតធ្ងន់ ៧៣ ម៉ូតូខូចកំរិតធ្ងន់១៥៦គ្រឿង។ក្នុងនោះមិនពាក់មួកសុវត្ថិភាព ១៣១ នាក់ បើកបរហួសល្បឿនកំណត់ ២៨ករណីមិនប្រកាន់ស្ដាំ៤១ករណី មិនគោរពសិទ្ធិ ២៣ករណី ប្រជែងគ្រោះថ្នាក់៣២ ករណី ស្រវឹង៨ករណី បត់ឆ្វេងស្តាំមិនប្រយ័ត្ន២៣ករណី ខូចហ្វ្រាំង៥ករណីខូចចង្កូត៥ករណី ផ្ទុះកង់២ករណី បញ្ហាសុខភាព១២ករណី បើកថយក្រោយមិនប្រយ័ត្ន០១ករណី និងផ្សេងៗ៥ករណី។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅលើដងផ្លូវសាធារណៈទៀតផង។ ប៉ុន្តែទោះបីយ៉ាងណាឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា ដោយយោងតាមទិន្នន័យ របស់លេខាធិការដ្ឋានគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អាចឆ្លុះបញ្ចាំងបានថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពត ពីមួយឆ្នាំ ទៅមួយឆ្នាំគឺមានការថយចុះ ។

ឯកឧត្តមជាវ តាយ អភិបាលខេត្តក៏បានចាត់ទុកទិវាដ៏មានសារៈសំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីសកម្មភាពនៃការចូលរួមជាមួយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់និងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើនទ្បើងឥតឈប់ឈរជារៀងរាល់ឆ្នាំ ។

 អភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណចំពោះអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត អង្គការ និងក្រុមហ៊ុនឯកជន នានាដែលបានជួយឧបត្ថម្ភ សម្ភារៈ ថវិកានិងស្មារតីកន្លងមកពិសេសក្នុងការរៀបចំកម្មវិធីនៅពេលនេះ។

ឯកឧត្តម ជាវ តាយ ក៏បានបន្តអំពាវនាវដល់អង្គការជាតិ អន្តរជាតិ ប្រទេស ផ្តល់ជំនួយ ក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេស ព្រមទាំងដៃគូរផ្សេងៗទៀត មេត្តាជួយឧបត្ថម្ភ ដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ថែមទៀតនូវថវិកា សម្ភារៈ និងបច្ចេកទេសដើម្បីផ្តល់លទ្ធភាព ក្នុងការអនុវត្តន៍ឱ្យបានដោយជោគជ័យ នូវផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ទាំង៨ចំណុច ឲ្យទទួលបានប្រសិទ្ធភាពបំផុត និងអំពាវនាវផងដែរឲ្យគ្រប់បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ ក្នុងខេត្តកំពតទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាឲ្យបានសស្រាក់សស្រាំ ស្អិតរមួតថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ បទប្បញ្ញត្តិចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាព របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពត ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង នឹងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយផ្លូវ ក្នុង និងក្រៅទីប្រជុំជន ត្រូវចូលរួមជួយរក្សា ជាយផ្លូវ និងចិញ្ចើមផ្លូវ សម្រាប់ថ្មើជើងធ្វើដំណើរ និងជួយថែទាំកែលម្អ បរិស្ថាន ផ្លូវថ្នល់ ជាពិសេសមិនត្រូវបណ្តែតបណ្តោយក្មេងដែលមានអាយុតិចជាង ៦ឆ្នាំ និងលែងសត្វ ដែលចិញ្ចឹម ក្នុងផ្ទះឲ្យដើររហេតរហូតលើផ្លូវថ្នល់ ក្នុងករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នោះ ឪពុកម្តាយ ឬអាណាព្យាបាលក្មេង ឬម្ចាស់នៃសត្វចិញ្ចឹមទាំងនោះ ត្រូវទទួលខុសត្រូវសំណងខាង ផ្នែករដ្ឋប្បវេណី ទៅតាមច្បាប់ជាធរមាន៕ ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation