អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្វាគមន៍ធុរជនចិន ២៥ក្រុមហ៊ុន ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែវិច្ឆកា ឆ្នំា២០១៩នេះ លោក លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិន បានដឹកនាំធុរជនចិនចំនួន ២៥ ក្រុមហ៊ុនមកពីវិស័យផ្សេងៗដូចជា បច្ចេកវិទ្យា អេឡិចត្រូនិក អប់រំ មេកានិក អគ្គិសនី វេជ្ជសាស្រ្ត ខ្សែកាប អចលនទ្រព្យ សំណង់ និងវិស័យសណ្ឋាគារជាដើម ចូលមករកឱកាសវិនិយោគនៅកម្ពុជា។

ជំនួបពាណិជ្ជកម្មកម្ពុជា ចិន ត្រូវបានរៀបចំធ្វើនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិន ជាមួយនិងការចូលរួមពីសមាជិកសភាពាណិជ្ជកម្ម និងធុរជនចិនជាច្រើនរូប។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទេ្វភាគី ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ជាពិសេសការស្វែងរកចាប់ដៃគូវិនិយោគជាមួយនិងធុរកិច្ចកម្ពុជា និងអ្នកធុរជនចិន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបើកចំហស្វាគមន៍ចំពោះលោក លូ ស៊ីនហ័រ ដែលបានចាប់អារម្មណ៍កម្ពុជា និងបាននាំធុរជនចិនជាច្រើនរូប ចូលមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា សង្ឃឹមថា លោក លូ ស៊ីនហ័រ និងរីករាយការស្នាក់នៅកម្ពុជា ហើយសភាពាណិជ្ជកម្មកម្ពុជា សប្បាយចិត្តបំផុត ចំពោះកិច្ចសហការការងារយ៉ាងជិតស្និទ្ធជាមួយនឹងធុរជនចិន ដែលមានបំណងស្វែងរកដៃគូជាមួយសភាពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធុរជនចិនជាច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដោយសារតែកម្ពុជាមានទីតាំងល្អស្ថិតនៅចំកណ្តាលអាស៊ី និងជិតប្រទេសចិន ជាពិសេសកម្ពុជា មានស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ ក្នុងរង្វង់៧ភាគរយជារៀងរាល់ឆ្នាំ គួបផ្សំទៅនឹងកម្ពុជា បានផ្តល់ និងបើកឱកាសដ៏ទូលាយសម្រាប់វិនិយោគិនបរទេស។ ធុរជនចិន បានផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើការវិនិយោគនៅកម្ពុជា ដែលមានវិស័យធំៗចំនួន៤ ដូចជា វិស័យកសិកម្ម រ៉ែ ថាមពល អចលនទ្រព្យ និងសំណង់ និងវិស័យទេសចរណ៍ជាដើម។

ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ចិនមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលកំពុងធ្វើ និងកំពុងសិក្សា នៅកម្ពុជា ដូចជា កំពុងសាងសង់ផ្លូវល្បឿនលឿនតម្លៃ ២ពាន់លានដុល្លារអាមេរិក គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងគម្រោងអភិវឌ្ឍន៍ តារាសាគរ ដែលមានទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារ នៅខេត្ដកោះកុង រួមមាន អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងរមណីយដ្ឋានលំដាប់ខ្ពស់ៗជាច្រើន៕ដោយ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation