ប្រធានាធិបតីអាមេរិក ផ្ញើលិខិតសំខាន់ចំនួន២ ជូនសម្ដេចតេជោ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត អាមេរិក Patrick Murphy ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីថ្លែងឲ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម patrick murphy បានពាំនាំ មកនូវលិខិត២ ផ្ទាល់ពីឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងនេះ លិខិតទី ១ ស្ដីពីទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋអាមេរិក នឹងព្រះរាជាណាចក្រកម្ពុជា។ ឯលិខិតទី២ ស្ដីពីទំនាក់ទំនង រវាងអាស៊ាននិងសហរដ្ឋអាមេរិក។

នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រដែល ប្រធានាធិបតីសហរដ្ឋអាមេរិក សរសេរលិខិតផ្ទាល់ ដែលពីមុនមកមិនធ្លាប់មាន។

ចំពោះលិខិតទី ១ ជាខ្លឹមសាររួម គឺសហរដ្ឋអាមេរិក មានគោលបំណងចង់ធ្វើយ៉ាងណា ឲ្យទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងកម្ពុជា បន្តប្រសើរឡើងថែមទៀតនឹងកើនឡើងថែមទៀត ចំណុចទី១នេះ សំខាន់ណាស់យើងមានកិច្ចសហប្រតិបត្តិការជាច្រើន ប៉ុន្តែទន្ទឹមនឹងនេះសហរដ្ឋអាមេរិកមានបំណងចង់បន្តធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីនេះ មានការរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។

អ្វីដែលសំខាន់ គឺសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រកម្ពុជាជាពិសេស គោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយនិងជួយកម្ពុជាក្នុងការការពារអធិបតេយ្យភាពកម្ពុជានេះ ហើយជាពិសេសទៀតនោះ សហរដ្ឋអាមេរិកបញ្ជាក់ថា មិនមានការគាំទ្រឲ្យមានការប្ដូររបប នៅប្រទេសកម្ពុជាទេ។ ហើយជាពិសេសទៀតអ្វីដែលសំខាន់ គឺការបន្តធ្វើការជាមួយគ្នា ហើយលិខិតនេះមានចំណុចវិជ្ជមានជាច្រើន ដែលនឹងធ្វើសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ហើយក៏មានចំណុចដែលយើងត្រូវតែខិតខំបន្តធ្វើការជាមួយគ្នា ទៅលើចំណុចផ្សេងទៀត ដែលជាការបារម្ភហើយដែលកម្ពុជាកំពុងធ្វើការជាមួយសហរដ្ឋអាមេរិកដោយសារកិច្ចសហប្រតិបត្តិការទ្វេភាគីមានច្រើន។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងទៀត ពោលគឺមុនឆ្នាំ១៩៥៣។ 

នៅក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកក៏បានសម្ដែង ចូលរួមនូវការសោកស្ដាយ និងរំលែកមរណទុក្ខ ចំពោះការបាត់បង់ សម្ដេចរាជបុត្រី ព្រះរៀមនរោត្តមបុប្ផាទេវី ដែលជាវីរជនវិស័យវប្បធម៌របស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងអំណរគុណដែលឯកអគ្គរដ្ឋទូតអាមេរិកបានចូលរួមរំលែកមរណទុក្ខនេះ ហើយដែលសម្ដេចចាត់ទុកថាការបាត់បង់នេះគឺជាការបាត់បង់ដ៏ធំធេង។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្តម patrick murphy ដែលកន្លងមកនេះបានចូលរួមយ៉ាងសកម្មជាមួយបុណ្យជាតិរបស់កម្ពុជា ដូចជាកន្លងមកនេះបុណ្យអុំទូកជាដើម និងបានបន្តធ្វើការងារជាមួយមន្ត្រីកម្ពុជាកន្លងមកដូចជាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម។

ចំពោះលិខិតទី ២ គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហរដ្ឋអាមេរិក លិខិតនេះក៏ជាលិខិតផ្ទាល់ដែលចុះហត្ថលេខាដោយឯកឧត្តមប្រធានាធិបតីដូណាល់ ត្រាំ ផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ដែរ។ អ្វីដែលសំខាន់នៅក្នុងលិខិតនេះគឺឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានសហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិកនៅក្នុង ឆមាសទី១ឆ្នាំ២០២០ខាងមុខនេះ។

ដោយសារអាមេរិក ជាដៃគូយុទ្ធសាស្ត្រ របស់អាស៊ាន សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចគាំទ្រ សហរដ្ឋអាមេរិក ដែលបានរៀបចំ កិច្ចប្រជុំកំពូលរវាងអាស៊ាននិងសហរដ្ឋអាមេរិក ជាលក្ខណៈពិសេសនៅសហរដ្ឋអាមេរិកនេះ។ សម្ដេចតេជោ បានគូសបញ្ជាក់ថាសម្ដេចគាំទ្រឲ្យមានកិច្ចប្រជុំនេះ ដើម្បីផលប្រយោជន៍ទាំងសងខាងជាពិសេសផលប្រយោជន៍អាស៊ានផងដែរ ហើយសម្ដេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាជាឯកច្ឆន្ទ នៅក្នុងការឲ្យមានកិច្ចប្រជុំនេះ។ ហើយនៅក្នុងកិច្ចការនេះ សម្ដេចមានគោលការណ៍ច្បាស់លាស់ នៅក្នុងការគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រ អាស៊ានសហរដ្ឋអាមេរិកនេះ បន្តរីកចម្រើន បន្តផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្ដេច ក៏គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក នេះគឺជាឱកាសដ៏ល្អ សម្រាប់អាស៊ានបន្តធ្វើការងារ ជាមួយសហរដ្ឋអាមេរិក លើគ្រប់វិស័យ ដែលជាផលប្រយោជន៍របស់តំបន់អាស៊ានផងដែរ។

ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងធ្វើលិខិតឆ្លើយតបចំពោះលិខិតទាំងពីររបស់ប្រធានាធិបតីអាមេរិកនេះ៕អត្ថបទ : សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation