កម្ពុជា កំពុងជំរុញអនុវត្តគោលនយោបាយ ទំនាក់ទំនងពាណិជ្ជកម្ម និងបទដ្ឋានការងារ ជួយឲ្យអ្នកទិញទទួលបានប្រភពបញ្ជាទិញដ៏ទុកចិត្ត
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងការងារ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការអន្តរជាតិខាងការងារ (ILO) បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈនៃការយោគយល់ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ បន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារយៈពេល៣ឆ្នាំទៀត ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ សម្ភារ និងកាបូបធ្វើដំណើរ។

នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជា ចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែក ធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់កម្មករនិយោជិត និងផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២។

ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌនៅកម្ពុជា ពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើង។

បើតាម លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគម GMAC បានឱ្យដឹងថា សមាគមរោងចក្រកាត់ដេរ នឹងបន្តធ្វើការជាមួយររោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជា។

លោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា រាជ រដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ នឹងធ្វើការរួមគ្នាលើកកម្ពស់ការងារសមរម្យ សម្រាប់កម្មករ រាប់រយរាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏និងជួយកម្មករនិយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗសម្រាប់អាជីវកម្ម ដើម្បីឱ្យពួកគាត់ទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគាត់ ឱ្យចាកផុតពីភាពក្រីក្រ៕អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation