ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ស្នើដល់សិង្ហបុរី បន្ដសហការគាំទ្របន្ថែមទៀត ដើម្បីលើកកម្ពស់សេវាព្យាបាលជូនពលរដ្ឋកម្ពុជាកាន់តែប្រសើរ

image

ឯកឧត្ដមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងស្នើដល់ Sing Health Services របស់ប្រទេសសិង្ហបុរី បន្ដសហការបន្ថែមទៀត លើវិស័យសុខាភិបាល ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក្នុងការបង្កើនគុណភាពនៃការផ្ដល់សសេវាជូនប្រជាជនកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្ដម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយស មេដាយ មុនីសារាភណ្ឌ ថ្នាក់ធិបឌិន្ទ ជូនលោកស្រីសាស្ដ្រាចារ្យ Celia Tan(សេលីយ៉ា តាន់) នាយកកម្មវិធី Allied Health, Sing Health Services នៃប្រទេសសិង្ហបុរី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាសាកវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

សាកលវិទ្យាធិការសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ឯកឧត្ដមសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងឱ្យដឹងថា លោកស្រីសាស្ដ្រាចារ្យ Celia Tan បានចាប់ផ្ដើមធ្វើការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា លើជំនាញព្យាបាលដោយចលនា តាំងពីឆ្នាំ២០០៥មកម៉្លេះ ដោយបានបណ្ដុះបណ្ដាល ដល់អ្នកជំនាញ​ព្យាបាលដោយចលនានៅកម្ពុជា ចំនួន៦០នាក់ បណ្ដុះបណ្ដាលអន្ដរវិជ្ជាជីវៈដល់មន្ដ្រីសុខាភិបាលចំនួន៥៦៩នាក់ និងគ្រូបង្គោល១១នាក់ នៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិស្ដារនីតិសម្បទា។

ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា លោកស្រីសាស្ដ្រាចារ្យ នឹងបន្ដខិតខំប្រឹងប្រែងផ្ដល់នូវជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជួយកៀរគរធនធានផ្សេងៗទៀត ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងសេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស»។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន លោកស្រីបានជួយជ្រោមជ្រែងយ៉ាងសកម្ម ក្នុងការជួយដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក្នុងការកៀរគរធនធាន ដើម្បីរៀបចំនិងបើកវគ្គបណ្ដុះបណ្ដាបរិញ្ញាបត្របន្ដពីថ្នាក់បរិញ្ញាបត្ររងលើជំនាញព្យាបាលដោយចលនាផងដែរ៕អត្ថបទ៖ គង់ វណ្ណៈ

ព័ត៌មានទាក់ទង...