កម្ពុជា ប្រារព្ធខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារដោយរៀបចំយុទ្ធនាការ ផ្តល់សិទ្ធិគ្រប់យ៉ាងដើម្បីកុមារគ្រប់រូប  
| ព័ត៌មានជាតិ
SHARE

អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានឈានដល់ខួបទី៣០ឆ្នាំហើយដោយមានការ ចាប់ផ្តើមនៃយុទ្ធនាការផ្តល់សិទ្ធិកុមារថ្នាក់ជាតិរយៈពេលបីខែ ដែលរៀបចំរួមគ្នាដោយ សហភាពអឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការ Child Rights Now ។ 

លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុប ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរអំពីវឌ្ឍនភាពដ៏ធំធេងដែលសម្រេចបានលើសិទ្ធិកុមារហើយក៏សូមបញ្ជាក់ឡើងវិញអំពីការបេ្តជ្ញាចិត្តរួមគ្នាដើម្បីឱ្យកុមារគ្រប់រូបនៅក្នុង ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍពេញសក្តានុពលរបស់ខ្លួន ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ ប្រកប ដោយចីរភាព និងបរិយាបន្ន”។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានបង្ហាញអំពីគុណសម្បត្តិនៃ  អនុសញ្ញាស្តីពីសិទ្ធិកុមារ ថាគឺជាក្របខ័ណ្ឌច្បាប់អន្តរជាតិដែលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកស្ទួយជីវិតកុមារនៅទូទាំងពិភពលោក។ អនុសញ្ញានេះមានគោលបំណងធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ លេងកម្សាន្ត ការការពារ ការចូលរួមផ្នែកសង្គម និងនយោបាយ។ អនុសញ្ញានេះកំណត់និយមន័យថា មនុស្សគ្រប់រូបក្រោមអាយុ១៨ឆ្នាំ ជាម្ចាស់នៃ សិទ្ធិមនុស្ស ហើយត្រូវទទួលបានកិច្ចការពារ និងការផ្តល់អំណាចដើម្បីឱ្យសិទ្ធិទាំងនេះក្លាយជាការពិត សម្រាប់កុមារគ្រប់រូប។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើឲ្យជីវិតកុមារប្រសើរទ្បើង។ កុមារា និងកុមារីជាង ៩៧% បានចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា ដែលជាអត្រាមិនធ្លាប់មានពីមុនមក។ អត្រាស្លាប់របស់ទារក និងកុមារក្រោមអាយុ ៥ឆ្នាំ បានធ្លាក់ចុះជាង ៧០% ហើយលទ្ធភាពទទួលបានប្រភពទឹកស្អាតបានកើនឡើង បីដង ចាប់តាំងពីឆ្នាំ១៩៩០ មក។

ប៉ុន្តែ មិនមែនកុមារគ្រប់រូបសុទ្ធតែទទួលបានកុមារភាពល្អប្រសើរនោះទេ។ ដូច្នេះខួបទី ៣០ឆ្នាំ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាឱកាសមួយដ៏ពិសេសដើម្បីជំរុញឱ្យមានការផ្តល់អាទិភាពដល់សិទ្ធិកុមារនៅក្នុងផែនការជាតិ និងផែនការអភិឌ្ឍ៕ អត្ថបទ៖ស៊ន សុខឃៀង 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation