សម្តេចតេជោ ហ៊ុន សែន៖ បើគេដក EBA គេតម្រូវឲ្យយើងបង់ពន្ធ យើងត្រូវតែបង់ពន្ធ ព្រោះវាគង់តែបាត់នៅពេលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន
| ព័ត៌មានជាតិ
SHARE

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជា បានត្រៀមខ្លួនរួចហើយក្នុងការបាត់បង់ប្រ ព័ន្ធអនុគ្រោះពន្ធ EBA នៅថ្ងៃណាមួយ ពីព្រោះថា ការអនុគ្រោះនេះមិននៅជាប់រហូតជាមួយកម្ពុជានោះទេ ពោលគឺនៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន វានឹងត្រូវផុតនៃការអ នុគ្រោះពន្ធនេះទៅវិញ។

ប៉ុន្តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កម្ពុជា គឺ មិនចង់ឲ្យមានការបាត់ការអនុគ្រោះពន្ធ EBA នោះទេ តែប្រសិនជម្រើសនៃការទាមទារក្នុងការរក្សា EBA ហើយធ្វើឲ្យកម្ពុជា ត្រូវបាត់បង់អធិបតេយ្យភាព និងឯករាជ្យភាពនោះ គឺកម្ពុជា មិនអាចធ្វើបាននោះទេ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងពេលអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិតសភាកម្ពុជា នាថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ។

ក្នុងឳកានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងអំពីបទពិសោធន៍នៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលតម្រូវឲ្យកម្ពុជាបង់ពន្ធនាំចូលកាលពីដើម ឆ្នាំកន្លងទៅនេះ បន្ទាប់ពីមានការតវ៉ាពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ តែជាលទ្ធផលរហូតមក ទល់នឹងពេលនេះ អង្ករកម្ពុជានៅតែដំណើរការនាំចេញទៅទីផ្សារសហភាពអឺរ៉ុបបានល្អ ហើយការលក់បានដល់ទៅ ២៣ប្រទេស ក្នុងចំណោមប្រទេសទាំង ២៨នៅទូទាំងសហភាពអឺរ៉ុប។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសុទិដ្ឋិនិយមថា ចំពោះមុខទំនិញផ្សេងៗទៀតរបស់កម្ពុជា ដែលនាំទៅទីផ្សារសហភាពអឺរ៉ុប ក៏នឹងអាចនៅតែដំណើរការល្អដូចនឹងអង្ករដែរ ប្រសិនបើសហភាពអឺរ៉ុប តម្រូវឲ្យកម្ពុជាត្រូវតែបង់ពន្ធដែរនោះ គ្រាន់តែការចំណេញនឹង ទទួលបានតិចជាមុនតែប៉ុណ្ណោះ។

សម្តេចតេជោ បានបញ្ជាក់ថា ការដកប្រព័ន្ធអនុគ្រោះ EBA គឺមិនមានន័យថា សហភាពអឺរ៉ុប បិទទីផ្សារនោះទេ គ្រាន់តែទំនិញកម្ពុជាត្រូវបង់ពន្ធនាំចូលទីផ្សារអឺរ៉ុបប៉ុណ្ណោះ ហើយប្រសិនសហភាពអឺរ៉ុបតម្រូវឲ្យយើងបង់ពន្ធយើងត្រូវតែបង់ ព្រោះយើងមិនអាចទទួលយកការគំរាម កំហែងណាមួយ ដើម្បីរក្សា EBA នោះឡើយ។ ហើយថាកម្ពុជា មិនអាចយកអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន ទៅដោះដូរនឹងការអនុគ្រោះ ឬជំនួយអ្វីនោះទេ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA គឺវាមិននៅជាប់រហូតជាមួយកម្ពុជានោះទេ ពោលគឺវាអាចនឹងត្រូវផុតការអនុគ្រោះនៅអំឡុងឆ្នាំ ២០២៥ ឬ២០២៦ខាងមុខនេះ ក្នុងពេលដែលសេដ្ឋកិច្ច កម្ពុជាកាន់តែរីកចម្រើន។
សូមជម្រាបថា បច្ចុប្បន្នគណកម្មការអឺរ៉ុបកំពុងតែវាយតម្លៃអំពីដំណើរការនីតិវិធីព្យួរការអនុ គ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធសម្រាប់កម្ពុជា (EBA) ជាថ្នូរទៅនឹងអ្វីមួយដែល គណកម្មការនេះ ហៅថា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ហើយគណកម្មការអឺរ៉ុប ទុកពេលឲ្យរាជរដ្ឋាភិបាលកម្ពុជារយៈពេលមួយខែ នៅខែវិច្ឆិកានេះក្នុងការឆ្លើយតប នឹងរបាយការណ៍របស់ខ្លួន មុនពេលសហភាពអឺរ៉ុបសម្រេចចិត្តចុងក្រោយក្នុងការព្យួរ ឬមិនព្យួរ EBA ពីកម្ពុជា៕អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation