ព័ត៌មានជាតិ

៩ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ ៩០% ធៀបនឹងច្បាប់ថវិកា ឆ្នាំ២០១៩

image

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស ផ្តោតសំខាន់លើការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានអនុវត្តក្នុងដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩នេះ តាមរយៈរបាយការណ៍បូកសរុបរហូតមកដល់ត្រីមាសទី៣នេះ គ្រប់ផ្នែកនៃផែនការសកម្មភាពរួមនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ក្នុងរយៈពេល ៩ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ ១៩ ១២៥ ប៊ីលានរៀល ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។

ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី៣ បង្ហាញថា ទិន្នផលចំណូលបានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករ មានប្រមាណ ៤៩%, ពន្ធដារ មានប្រមាណ ៣២%, ចំណូលមិនមែនសារពើពន្ធ មានប្រមាណ ១២% និងចំណូលផ្សេងៗប្រមាណ ៦%។ រីឯការអនុវត្តចំណាយស្ថិតក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបានតាមច្បាប់ជាធរមាន។ សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថា អាចសម្រេចបានគោលដៅប្រចាំឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក។ ស្របពេលជាមួយគ្នានេះ, កិច្ចការ គន្លឹះៗ មួយចំនួនទៀត ត្រូវបន្តពង្រឹងក្នុងការអនុវត្ត កសាង និងរៀបចំបញ្ចប់ រួមមាន៖ ការរៀបចំបញ្ចប់លិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ផែនការសកម្មភាព លម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រគន្លឹះៗនានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣, និងអនុក្រឹត្យស្តីពីការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈជាដើម។ ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការពង្រឹងសមត្ថភាពមន្ត្រី ដោយត្រូវគិតគូររៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការបន្តបណ្តុះបណ្តាល ដែលជាក់លាក់ប្រកបដោយគុណភាព ក៏ដូចជាបំពាក់ជំនាញច្បាស់លាស់ និងប្រើប្រាស់ធនធាន ដែលបានបណ្តុះបណ្តាលឲ្យត្រូវតាមតួនាទី និងភារកិច្ច និងជំនាញនីមួយៗ៕អត្ថបទ៖ ចេង ឆហួត