ទេសរដ្ឋមន្ត្រីលី ធុជ ស្នើឲ្យគ្រូពេទ្យត្រូវផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋឲ្យដូចទន្លេមេគង្គផ្ដល់ ផលប្រយោជន៍ជូន យើងទាំងអស់គ្នាដែរ
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ បើទោះជាកន្លងមកបុគ្គលិកពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ខិតខំបំរើសេវាព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្ត បានល្អប្រសើយ៉ាងណាក៏ដោយ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាកជាតិចុះជួយខេត្តរតនគិរី នៅតែស្នើសុំបន្ថែម ដល់បុគ្គលិកពេទ្យទាំងអស់ ឲ្យខិតខំបំរើប្រជាពលរដ្ឋ ដូចទន្លេមេគង្គបំរើយើងទាំងអស់អញ្ចឹងដែរ។ ការស្នើសុំរបស់ឯកឧត្ដមនេះ ក្នុងពិធីបិតសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ បន្ទាប់ពីមន្ទីរសុខាភិបាល បានបើកសន្និបាតរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ .២២ ខែមេសា ឆ្នាំ២០១៩ ត្រូវបិតបញ្ចប់ល្ងាចថ្ងៃទី២២ ហើយឯកឧត្ដមបានចូលរួមសំណេះសំណាលក្នុងពិធីនេះ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា ហេតុតែឯកឧត្ដមស្នើសុំឲ្យបុគ្គលិកពេទ្យទាំងអស់បំរើប្រជាពលរដ្ឋដូចទន្លេមេគង្គនោះ ពីព្រោះទន្លេមេគង្គមានប្រភពពីទីបេប្រទេសចិន ហើយហូរកាត់ជាច្រើនប្រទេស ចំណែកប្រទេសដែលត្រូវទន្លេមេគង្គហូរកាត់ សុទ្ធតែទទួលបានផលប្រយោជន៍ពីទន្លេមេគង្គទាំងអស់ ដោយមិនរើសប្រទេសណាមួយឡើយ។ យ៉ាងណាមិញ ទន្លេមេគង្គ ហូរមានទិសដៅច្បាស់លាស់ គឺហូរចាក់ចូលបឹងទន្លេសាប និងហូរចាក់ទៅឈូងសមុទ្រប្រទេសវៀតណាម ដូច្នេះឯកឧត្ដមសុំឲ្យបុគ្គលិកពេទ្យ ដែលបំរើសេវាព្យាបាលជូនប្រជាពលរដ្ឋ ត្រូវមានគោលដៅច្បាស់លាស់ដូចទន្លេមេគង្គដែរ។

ចំណែករាជរដ្ឋាភិបាល រក្សាសុខសន្តិភាព ខិតខំកសាងអភិវឌ្ឍន៍ប្រទេស បង្កើនវិស័យសេដ្ឋកិច្ចជាតិ គឺមានគោលដៅដើម្បីបំរើប្រជាជន រីឯវិស័យសុខាភិបាល ក៏ដើម្បីបំរើប្រជាជនដូចគ្នាដែរ។ ចំណែកអ្នកទទួលផលប្រយោជន៍ ដែលទន្លេមេគង្គផ្ដល់ឲ្យនោះ មិនថាប្រទេណា ជាតិសាស្ត្រអ្វី ឬ គណៈបក្សនយោបាយណាមួយដែរ ហើយការបំរើរបស់ទន្លេមេគង្គជូនមនុស្សជាតិនេះ មិនថាយប់ឬថ្ងៃទេ។ យ៉ាងណាមិញឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ស្នើសុំឲ្យមន្ត្រីពេទ្យ ក៏ដូចមន្ទីរសុខាភិបាល ខិតខំបំរើសេវាព្យាបាលជូនប្រជាពលរដ្ឋ ឲ្យដូចទន្លេមេគង្គផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិ ក៏ដូចគោលដៅរបស់រាជរដ្ឋាភិបាលដែលបំរើប្រជាពលរដ្ឋយើងសព្វថ្ងៃនេះ៕
ដោយ ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation