ព័ត៌មានជាតិ

កម្ពុជា-មីយ៉ាន់ម៉ា កំពុងខិតខំប្រឹងប្រែង ជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ ឯកឧត្តម យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព ក្នុងអំឡុងពេលដែល ឯកឧត្តម អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា។

បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចបានស្វាគមន៍ ឯកឧត្តមអនុប្រធានាធិបតី ដែល បានផ្ដល់កិត្តិយស ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមិនគ្រាន់តែបង្ហាញពី សាមគ្គីជាតិក្នុងចំណោម ប្រជាជាតិ អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានបង្ហាញពីផ្សារសាមគ្គីភាព រវាងមីយ៉ាន់ម៉ានិងកម្ពុជា ក្នុងទំនាក់ទំនងទ្វេភាគីថែមទៀតផង។

ឯកឧត្តមអនុប្រធានាធិបតី បានឆ្លើយតបវិញ ដោយសប្បាយរីករាយ ដែលបានមកចូលរួម ក្នុងវេទិកានេះ ហើយបានកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយមានសេចក្ដីរីករាយ ចំពោះចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ព្រមទាំងបានអបអរសាទរ ចំពោះជោគជ័យ នៃការប្រព្រឹត្តទៅ នៃកិច្ចប្រជុំកំពូលនេះផងដែរ។

នៅឆ្នាំក្រោយ គឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណា រិះរក ដើម្បីជំរុញទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការ ខាងវិស័យវប្បធម៌ វិស័យទេសចរណ៍។ ភាគីទាំងពីរ ក៏មានកិច្ចព្រមព្រៀងមួយចំនួន ហើយខិតខំអនុវត្ត ជាពិសេសជំរុញការហោះហើរត្រង់ ថ្វីត្បិតមានការហោះហើរត្រង់មានកន្លងមក ប៉ុន្តែមិនមានភ្ញៀវគ្រប់គ្រាន់ ក៏បានផ្អាកទៅវិញ។

ក្នុងវិស័យអប់រំ, សម្ដេចស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកជំទាវ អុងសាន ស៊ូជី, រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។

ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣, ឯកឧត្តមអនុប្រធានាធិបតី បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពី សាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ