ប្រតិភូសាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រសកម្មភាពសាសនាមួយនេះ បានចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍
| ព័ត៌មានជាតិ
SHARE

ដោយបានទទួលការអនុញញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃនព្រះរាជាណាកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបប្រតិភូ សាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទនៃបរិស័ទ្ធថ្ងៃចុងក្រោយពិភពលោក ដឹកនាំដោយ លោក រ៉ុសឹល នែលសឹន (Russell M. Nelson) នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

នៅក្នុងជំនួបពិភាក្សានេះ លោក រ៉ុសឹល នែលសឹន បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យសាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទនៃបរិស័ទ្ធថ្ងៃចុងក្រោយពិភព លោក បានមានសកម្មភាពនៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា លើផ្នែកមនុស្សធម៌ វេជ្ជសាស្ត្រ ការបណ្តុះ បណ្តាលធនធានមនុស្ស និង សាសនា ។

ប្រតិភូក៏បានជំរាបជូនលោកជំទាវ ឧបនាយករដ្ឋមន្ត្រីពីសកម្មភាពមួយចំនួនដែលក្រុមសាសនាចក្រ ព្រះយេស៊ូគ្រីស្ទ បានមកបោះទីតាំងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤មកដល់បច្ចុប្បន្ន ក្នុងនោះបានផ្តោតលើការកសាងមន្ទីរពេទ្យ សម្ភព និងការរួមចំណែកបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដល់ក្រុមគ្រូពេទ្យ ។ ដោយឡែកនៅពេលខាងមុខ ក៏នឹងមានការកសាងព្រះវិហារមួយយ៉ាងធំនៅកម្ពុជា ដែលមាន ឈ្មោះ ថា ព្រះវិហារបរិសុទ្ធ ដែលជាទីគោរពសក្ការៈរបស់គ្រីស្ទបរិស័ទទូទៅ ។

ជាការឆ្លើយតប ក្នុងនាមសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន លោកជំទាវ ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេច ផ្ញើជូនប្រតិភូប្រកបដោយនឹករលឹក និងបានជំរាបជូនពីសកម្មភាពដ៏មរមារញឹករបស់សម្តេច ក្នុងខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិច ដែលមានប្រមុរដ្ឋ នៃបណ្តាប្រទេសជាច្រើន រួមនឹងភ្ញៀវអន្តរជាតិប្រមាណពីរពាន់នាក់ បានមកជួបជុំគ្នានៅកម្ពុជា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានរំលឹកនូវប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងជាគន្លឹះមួយចំនួន នៅក្នុងកិច្ច ប្រជុំ នាពេលនេះ ក្រោមប្រធាន បទ < ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន, សន្តិភាព ការបង្រួប បង្រួមជាតិ ការពឹងពាកគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតំលៃសកល > ។ 

លោកជំទាវ បន្តថា បច្ចុប្បន្នកម្ពុជាកំពុងមានសន្តិភាព ដែលជាឱកាសសំរាប់ការអភិវឌ្ឍប្រទេស ពិសេសបានផ្តល់ឱកាសដល់គ្រប់សាសនាបានមកបំពេញតាមជំនឿរបស់ប្រជាជនរៀងៗខ្លួន ដោយមិនប្រកាន់និន្នាការ ជាតិសាសន៍ ហើយកំពុងដំណើរការប្រកបដោយសុខដុមរម្មនា ។

លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក រ៉ុសឹល នែលសឹន (Russell M. Nelson) និងសហការីដែលបានអញ្ជើញមកជួបសំណេះសំណាលនាឱកាសនេះ និងសុំបន្តកិច្ចការនៅកម្ពុជាឲ្យកាន់តែរីកចំរើនឡើងថែមទៀត ៕អត្ថបទ÷វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation