ស្ថានទូត៣ រំលែកទុក្ខ ចំពោះការសោយព្រះពិរាល័យ សម្តេចព្រះរៀមបុប្ផាទេវី
| ព័ត៌មានជាតិ
SHARE

ស្ថានទូតជប៉ុន ស្ថានទូតបារាំង និងស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រំលែកទុក្ខ ចំពោះការយាងសោយព្រះពិរាល័យ សម្តេចរាជបុត្រីព្រះរៀម បុប្ផាទេវី។

សាររំលែកទុក្ខ ពីឯកអគ្គរាជទូតជប៉ុន ដោយលោកមានទុក្ខជាទម្ងន់ ក្រោយទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី បានយាងសោយព្រះពិរាល័យ ដោយព្រះរោគាពាធ។ លោកទូតបានចាត់ទុកថា ព្រះអង្គបានលះបង់ពេញមួយជីវិតរបស់ទ្រង់ ថែរក្សាប្រពៃណីវប្បធម៌កម្ពុជា ជាពិសេសគឺរបាំព្រះរាជទ្រព្យ។ ព្រះអង្គបានដឹកនាំ «Sacred Dancers of Angkor» យាងទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ហាញពីរបាំប្រពៃណីដ៏ល្អឥតខ្ចោះរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់អ្នកចូលរួមទស្សនាទាំងអស់កាលពីឆ្នាំ២០១៦។ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីវប្បធម៌ផ្សេងៗ របស់ស្ថានទូតជប៉ុនរៀបចំ ពិតជាផ្តល់នូវកម្លាំងចិត្តយ៉ាងមោះមុតសម្រាប់ក្រុមការងាររបស់ប្រទេសជប៉ុន។

ឯកអគ្គរាជទូតជប៉ុន បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់។ លោកបានថ្វាយ មហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សេ្តចយាង ទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់ ស្ថានទូតបារាំងប្រចាំកម្ពុជាវិញ ស្ថានទូតនេះ បានសម្តែងមរណទុក្ខ ដ៏ក្រៀមក្រំបំផុតថ្វាយព្រះញាតិវង្សរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាដួងព្រលឹងនៃរបាំព្រះរាជទ្រព្យកម្ពុជា។ ស្ថានទូតបារាំង គឺជាមិត្តដ៏ជិតស្និទ្ធ របស់ប្រទេសបារាំង សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានគ្រឿងឥស្សរិយយសសិល្ប: និងអក្សរសាស្រ្ត ថ្នាក់ធិបឌិន្ទ ពីប្រទេសបារាំង។

ជាមួយគ្នានេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ សម្តេចព្រះរៀម ព្រះអង្គទ្រង់បានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងការផ្សព្វផ្សាយរបាំព្រះរាជទ្រព្យកម្ពុជា ព្រមទាំងការផ្សព្វផ្សាយមរតកបន្ត និងការអភិវឌ្ឍនៃមិត្តភាពរវាងចិន និងកម្ពុជា ដែលទាំងនេះ នឹងត្រូវបានកត់ត្រា ចូលក្នុងប្រវត្តិសាស្រ្តជានិរន្តរ៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation