ព័ត៌មានជាតិ

កម្ពុជា-ប៉ាឡាវ កំពុងរិះរកវិធី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងប្រទេសទាំងពីរ

image

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ បានទទួលជួប ឯកឧត្តម រ៉េនុល អ៊ុលឡោច អនុប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រទេសប៉ាឡាវ នៅវិមានសន្តិភាព។

តាមឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ឯកឧត្តមអនុប្រធានាធិបតី បានសំដែងនូវការរីករាយខ្លាំង ដែលបានមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ហើយក៏ជាឱកាសដែលឯកឧត្តម បានស្គាល់ប្រទេសកម្ពុជា ដែលបានចាត់ទុកថាជាប្រទេសល្អ ដែលមានសភាពស្អាត។

ឯកឧត្តមបានបន្តថា ប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូត ជាមួយគ្នាយូរមកហើយ ប៉ុន្តែហាក់ដូចជាមិនសូវមាន សកម្មភាពជាមួយគ្នា ដោយសារតែយើងនៅឆ្ងាយពីគ្នា។ ឯកឧត្តម បានយល់ថា ការអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងបើកទំព័រថ្មីមួយ រវាងកិច្ចសហប្រតិបត្តិការ ប្រវត្តិសាស្រ្ត នៃប្រទេសទាំងពីរ។

សម្ដេចបានឆ្លើយតបវិញ ដោយឯកភាពថា នេះគឺជាឱកាសដែលយើងអាច ចាប់ផ្ដើមទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើឲ្យស្របនឹងអ្វី ដែលយើងមាន។ សម្ដេច បានផ្ដួចផ្តើម នូវគំនិតថា យើងគួរតែមានការចុះអនុស្សរណៈ លើការយោគយល់គ្នាមួយ ស្តីពីការពិគ្រោះយោបល់ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីឲ្យក្រសួង នៃប្រទេសទាំងពីរ រិះរកវិស័យណា ដែលយើងអាច ធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្នា។

សម្តេចបានបន្តថា ជំហានបន្ទាប់ គឺអាចចុះ MoU ស្តីពីការលើកលែងទិដ្ឋការ សម្រាប់លិខិតឆ្លងដែនការទូត និងឆ្លងដែនផ្លូវការ ហើយបន្ទាប់មក អាចចុះហត្ថលេខា លើកិច្ចការពារពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ តាមរយៈជំនួបនេះ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើ ដើម្បីអញ្ជើញ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវទីមួយប៉ាឡាវ មកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា តាមពេលវេលាសមស្របណាមួយ។ សម្ដេចតេជោ បានបញ្ជាក់ថា យើងគួរតែចាប់ផ្ដើមដំបូង លើកិច្ចសហប្រតិបត្តិបាយ និងការវិនិយោគ ហើយកម្ពុជាក៏អាចមានផលិតផលខ្លះ អាចនាំទៅកាន់ទីផ្សារ ប្រទេសប៉ាឡាវបានដែរ។ សម្ដេចក៏បានសម្តែងពីបំណងប្រាថ្នា បំពេញទស្សនកិច្ចនៅ ប៉ាឡាវផងដែរ ដើម្បីចាប់ផ្ដើមជំរុញ ទំនាក់ទំនងប្រទេសទាំងពីរ។

ឯកឧត្តមអនុប្រធានាធិបតី បាន អរគុណ ហើយ លើកឡើងថា ឯកឧត្តម រង់ចាំការចុះ MoU ស្តីពីការពិគ្រោះយោបល់ ដើម្បីចាប់ផ្ដើមពិនិត្យឱកាស ដែលយើងអាចរៀនសូត្រពីគ្នា ជាពិសេស នៅលើវិស័យការពារវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅពីនោះ ក៏អាចមានកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការរត់ពន្ធគ្រឿងញៀន។

ឯកឧត្តមអនុប្រធានាធិបតី ក៏បាន ជម្រាបសម្ដេចផងដែរ អំពីកាលដែលប៉ាឡាវ រៀបចំកិច្ចប្រជុំកំពូល ស្តីពីមហាសាគរ ដែលនឹងប្រព្រឹត្តទៅ នៅឆ្នាំ២០២០ខាងមុខ និងមួយទៀត គឺកិច្ចប្រជុំកំពូលនៃស្ត្រីទី១ តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្ត ទៅនៅដើមខែធ្នូខាងមុខនេះ ដោយបាន អញ្ជើញសម្ដេចទៅចូលរួម។ សម្តេចតេជោ ពាក់ព័ន្ធនឹងការអញ្ជើញនេះ បានទទួលយកការអញ្ជើញ ហើយបានលើកឡើងថា ប្រសិនបើមានឱកាស សម្ដេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំទាំងពីរនេះ និងបំពេញដំណើរទស្សនកិច្ច នៅប្រទេសប៉ាឡាវផងដែរ៕ អត្ថបទ ៖ សន ពិសិដ្ឋ












ព័ត៌មានទាក់ទង...