ព័ត៌មានជាតិ

តួនាទីស្រ្តីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ របស់រាជរដ្ឋាភិបាល ក៏បានកំណត់ផងដែរ នូវមុំទី៤ “ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម

image

ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺជាគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្រ្តីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ នៅក្នុងចតុកោណទី១ “ការអភិវឌ្ឍធនធានមនុស្ស” នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក៏បានកំណត់ផងដែរ នូវមុំទី៤ “ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម” ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការលុបបំបាត់គម្លាតយេនឌ័រនៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលប្តេជ្ញាបន្តលើកកម្ពស់តួនាទីស្រ្តី តាមរយៈការបង្កើនសមមាត្រ និងការពង្រឹងតួនាទីស្រ្តីក្នុងជួរថ្នាក់ដឹកនាំ ទាំងនៅក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។បន្ថែមពីលើនេះ បញ្ហាយេនឌ័រត្រូវបានបញ្ជ្រាបទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ឆ្នាំ២០១៩-២០២៣) និងកម្មវិធីកំណែទម្រង់ជាតិសំខាន់ៗ ដូចជា កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

នេះជាប្រសាសន៏របស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិកាក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកាឆ្នាំ២០១៩នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីយេឌ័រសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាទី៤“ឆ្នាំ២០១៩-២០២៣”នៅសណ្ឋាគារមួយ រាជធានីភ្នំពេញ។

ឯកឧត្ដម ព្រុំ សុខា មានប្រសាសន៍បន្ថែមថា ក្រសួងមុខងារសាធារណៈក៏បានយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រី តាមរយៈការប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ ដើម្បីបានចូលបម្រើការងារនៅក្នុងវិស័យមុខងារសាធារណៈ ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើសេចក្តីណែនាំគោលការណ៍ក្របខណ្ឌ ឆ្នាំ២០០៩-២០១០ ដល់ក្រសួង-ស្ថាប័នទាំងអស់ដោយកំណត់ពី ២០% ទៅ ៥០% សម្រាប់ស្ត្រី ប៉ុន្តែការអនុវត្តជាក់ស្តែងនៅមានការខ្វះខាតនៅឡើយ ដោយហេតុថាស្ត្រីដែលមកដាក់ពាក្យប្រឡងចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័នមិនបានគ្រប់តាមចំនួនដែលបានកំណត់ ហើយមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍មួយចំនួនធំជាស្ត្រី ដែលជាមូលហេតុធ្វើឱ្យចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅមានកម្រិត៕​អត្ថបទ៖ គង់ វណ្ណៈ​