នារសៀលនេះ សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាវិមានសន្តិភាព។

ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បីទទួលអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ មុនពេលចេញដំណើរ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ដែលនឹងងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលសមាសភាពប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតស៊ីហ្គេមលើកទី៣០ សរុបចំនួន៤៤៧នាក់។

បើតាមប្រសាសន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា រៀងរាល់២ឆ្នាំម្ដងការប្រកួតកីឡា ក្នុងតំបន់ដ៏ធំ គឺស៊ីហ្គេម ដែលប្រទេសសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ មាន១១ប្រទេសចូលរួម មានកម្ពុជា វៀតណាម ថៃ ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត បានចូលរួមប្រកួតកីឡា ជាមហាគ្រួសារក្នុងតំបន់ និងចាត់ទុកជាព្រឹត្តិការណ៍ជួបជុំ យុវជនផ្លាស់ប្ដូរវប្បធម ទស្សនវិស័យ គ្នាទៅវិញទៅមកក្នុងស្មារតីគោរព គុណតម្លៃកីឡាអូឡាំពិក គឺការគោរពមិត្តភាព និងឧត្តមភាព។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់ក្នុងមហាសន្និបាត តាំងពីដើមឆ្នាំ២០១៩ថា ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅហាណូយវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រ សម្រាប់វាយតម្លៃ និងវាស់ស្ទង់សមត្ថភាពគុណផលកីឡា របស់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡា ដើម្បីកែលំអចំណុចខ្វះខាត បង្កើនគុណភាពសមត្ថភាពធានាស័ក្ដិសិទ្ធិភាព គ្រប់មុខសញ្ញាធនធានមនុស្ស ក្នុងវិស័យកីឡា ត្រៀមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យទទួលបានជោគជ័យ។

គួររំលឹកថា ក្នុងចំណោមការប្រកួតទាំង២៩លើកកន្លងមក កម្ពុជាបានចូលរួម១៩លើក ដណ្ដើមបានមេដាយសរុបចំនួន៣៩៦ ក្នុងនោះ មេដាយមាស៦៥ មេដាយប្រាក់១០៩ និងមេដាយសំរឹទ្ធ២២២៕អត្ថបទ : សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation