ខេត្តហួណាន​ សន្យាបន្តឲ្យជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ព្រមទាំងបន្តជួយគាំទ្រ ដល់ប្រទេសកម្ពុជាថែមទៀត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ បានអនុញ្ញាតឲ្យឯកឧត្តម ទូ ជាហោវ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងលេខាធិការគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន ខេត្តហួណាន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ខណៈឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា។

បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ​នៅក្នុងជំនួបនេះ​ ​ឯកឧត្តម បានជម្រាបជូនសម្តេចថា ​ឯក​ឧត្តមបានទៅពិនិត្យមើល អ្នកវិនិយោគខេត្តហួណាន ដែលកំពុងវិនិយោគ នៅខេត្តសៀមរាប និងបាត់ដំបង ព្រមទាំងបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្សប្រជាជន នៅទីនោះផងដែរ។

ឯកឧត្តមបន្តថា ប្រទេសចិន និងប្រជាជនចិន បានចាត់ទុកសម្ដេចតេជោ និងប្រជាជនកម្ពុជាជាមិត្តល្អ ជាមិត្តដែកថែប។ ឯកឧត្តមបន្តទៀតថា ទស្សនកិច្ចរបស់នេះ, ឯកឧត្តម​ មានចិត្តសប្បាយរីករាយ ដែលបានឃើញថាប្រជាជនកម្ពុជា ​​រស់នៅដោយសុខសន្តិភាព មានជីវភាពល្អ ដែលបង្ហាញពីទំនុកចិត្ត ​លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា បានដើរលើមាគ៌ាត្រឹមត្រូវ ព្រោះក្នុងឱកាសជួបសំណេះសំណាល ជាមួយនឹងអ្នកដឹកនាំ នៅតាមខេត្តសៀមរាប និងបាត់ដំបង ឯកឧត្តមបានមើលឃើញ ពីការដែលថ្នាក់ដឹកនាំ និងប្រជាជននៅតំបន់នោះ សម្ដែងនូវជំនឿខ្ពស់ ទៅលើការដឹកនាំ របស់គណបក្សប្រជាជន។ ​

ក្នុងនោះផងដែរ ឯកឧត្តម បានបញ្ជាក់ថា ខេត្តហួណាន ស្វាគមន៍ចំពោះទំនិញរបស់​កម្ពុជា នាំទៅប្រទេសចិន ​ពិសេសម្ហូបអាហារ និងផ្លែឈើរបស់កម្ពុជា។ ​ខេត្តហួណាន​ នឹងបន្តឲ្យជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ព្រមទាំងបន្តជួយគាំទ្រ ដល់ប្រទេសកម្ពុជាថែមទៀត។ ឯកឧត្តម ក៏បានគោរព អញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅខេត្តហួណាន បើសិនជាសម្ដេចអញ្ជើញទៅបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន នាពេលក្រោយ។ ​

ជាការឆ្លើយតប សម្ដេចតេជោ ​បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជន បានខិតខំធ្វើការច្រើន ដោយសារតែកម្ពុជា មានគណបក្សនយោបាយច្រើន ​ខុសពីប្រទេសចិន ដែលមានគណបក្សនយោបាយតែមួយ។ ​សម្តេចក៏បានបង្ហាញថា គណបក្សប្រជាជន បាន​យកចិត្តទុកដាក់ ​ធ្វើយ៉ាងណា ឲ្យសមាជិករបស់គណបក្ស មានទំនុកចិត្តនៅលើការដឹកនាំរបស់បក្ស ប្រែក្លាយ​សមាជិកបក្សម្នាក់ ជា​សន្លឹកឆ្នោតមួយសន្លឹក ដែលនេះជាមូលដ្ឋានជោគជ័យ របស់គណបក្ស។

ក្នុងនោះដែរ ​សម្ដេចបាន​​ទទួលយក ការអញ្ជើញរបស់ឯកឧត្តម ដើម្បីទៅធ្វើទស្សនកិច្ច នៅខេត្តហួណាន នាពេលសមស្របខាងមុខ។ សម្តេចក៏បានសម្ដែងនូវអំណរគុណ ដែលចិនបានចាត់ទុកប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាមិត្តដែកថែប ហើយប្រទេសទាំងពីរ មានឆន្ទៈកសាងទំនាក់ទំនងរឹងមាំថែមទៀត ដូចដែកថែប៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation