ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

image

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។

ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបថា ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ គឺជាផ្លូវធំៗ និង មានសោភ័ណ្ឌភាពបំផុតមិនធ្លាប់មាននៅកម្ពុជា។ ផ្លូវទាំង៣៤ខ្សែនេះ មានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ៕ អត្ថបទ៖ ហ៊ន សុភ័ក្រ