​អ្នកឧកញ៉ា គិត ម៉េង ៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហសម្រាប់ធុរជនទូទៅដោយគ្មានការរើសអើង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយ របស់រាជរដ្ឋភិបាលកម្ពុជា មានលក្ខណៈ បើកចំហសម្រាប់ធុរជនទូទៅ ដោយមិនប្រកាន់ថា មកពីប្រទេសណាឡើយ។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អេរិចសិន ដើកលើស (Ericksen Doug) សមាជិកព្រឹទ្ធសភាអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម អេរិចសិន ដើកលើស(Ericksen Doug) សមាជិកព្រឹទ្ធសភាអាមេរិក មានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ កម្ពុជានាពេលនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងទទួលព័ត៌មានដោយផ្ទាល់អំពីវឌ្ឍនភាព នានានៅកម្ពុជា ដើម្បីលើកកម្ពស់មិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងន័យនេះ ឯកឧត្តម បានស្នើសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដើម្បីរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានាទាក់ទាញវិនិយោគិនអាមេរិកមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ស្របគ្នានេះ ឯកឧត្តម អេរិចសិន ដើកលើស សន្យាថា នឹងជួយសម្របសម្រួល កៀរគរវិនិយោគិន និងធុរជនអាមេរិក ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីពួកគេបានជ្រាបច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចនិងទីផ្សារកម្ពុជា។ ទន្ទឹមនឹងនេះ សមាជិក ព្រឹទ្ធសភាអាមេរិក រូបនេះក៏បានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។

ក្នុងជំនួបពិភាក្សាដ៏ស្និទ្ធស្នាលនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ទស្សនកិច្ចមកកាន់កម្ពុជា របស់ ឯកឧត្តម អេរិកសិន ដើកលើ (Ericksen Doug) ។ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើង ពីការរីកចម្រើន និងសក្តានុពលសេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់ រាជរដ្ឋភិបាល មានលក្ខណៈបើកចំហសម្រាប់ធុរជនទូទៅដោយមិនប្រកាន់ថាមកពីប្រទេសណាឡើយ។ អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ចម្បងរបស់កម្ពុជា ហើយអ្នកឧកញ៉ា មានប្រសាសន៍គាំទ្រដល់គោលគំនិតរបស់ព្រឹទ្ធសមាជិកអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចដើម្បីជួយជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ ហើយអ្នកឧកញ៉ា នឹងរកពេលវេលាសមស្របណាមួយ រៀបចំទស្សនកិច្ចធុរកិច្ចទៅសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា យោងតាមទិន្ន័យការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបង្ហាញថា ការនាំចេញរបស់ កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក ក្នុងរយៈពេល ៩ខែ ដំបូងឆ្នាំ២០១៩នេះ មានអត្រាកំណើនជិត៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពឆ្នាំមុន។ ទិន្នន័យដដែលនេះ បង្ហាញទៀតថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ មានតម្លៃទឹកប្រាក់សរុបចំនួន ៣.៩៦៥លានដុល្លារ បានកើនឡើង ៣៨,៥៣ភាគរយ ពីចំនួនទឹកប្រាក់ចំនួន ២.៨៦២លានដុល្លារ ធៀប ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននេះ ត្រូវបានគេមើលឃើញថា ជាអត្រាខ្ពស់បំផុតនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេល១៩ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ ២០០០មកម៉្លេះ។ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ចាប់ផ្តើមមានកំណើនខ្ពស់គួរឲ្យកត់សម្គាល គិតចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអនុគ្រោះពន្ធទាំងស្រុង សម្រាប់ផលិត ផលសម្រាប់ធ្វើដំណើររបស់កម្ពុជា កាលពីឆ្នាំ ២០១៦មក។

ចំណែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ មានតម្លៃទឹកប្រាក់ ប្រមាណ ៤០០លានដុល្លារ ពោលគឺបានកើនឡើង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមជម្រាបថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះ សហរដ្ឋអាមេរិក បានស្រូបយករង្វង់ពី ២៥ ទៅ ៣០ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។ ទំនិញដែលនាំចេញពី កម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ ធ្វើដំណើរ។ ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យជាដើម។


គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ៤២៦៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣.៨១៨លានដុល្លារ ខណៈកម្ពុជាចូលមកវិញមានចំនួន ៤៤៥លានដុល្លារអាមេរិក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation