ទូតអាមេរិក៖ វិទ្យុVOA និងអាស៊ីសេរី នឹងអាចផ្សាយតាមវិទ្យុក្នុងស្រុកឡើងវិញ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Murphy ហើយក្នុងជំនួបលោកទូត សង្ឃឹមថា វិទ្យុVOA និងអាស៊ីសេរី នឹងអាចផ្សាយតាមវិទ្យុក្នុងស្រុកឡើងវិញ។

នារសៀលថ្ងៃនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។ នេះជាការបញ្ជាក់ពីហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ឯកឧត្តម មិនបានបញ្ជាក់អ្វីក្រៅពីនេះទៀតទេ។

ប៉ុន្តែបើតាមហ្វេសប៊ុក ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានចេញផ្សាយថា ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីពិភាក្សាពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងពីរបៀបដែលសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាអាចធ្វើការជាមួយគ្នាបាន ដើម្បីជួយស្តារវិស័យសារព័ត៌មាននៅកម្ពុជាឲ្យមានភាពរស់រវើក និងសេរីភាពពេញលេញ។

លោកឯកអគ្គរដ្ឋទូត Murphy កត់សម្គាល់ឃើញថា ការចុះបញ្ជីឡើងវិញ ក្នុងពេលថ្មីៗនេះ របស់វិទ្យុសំំំឡេងសហរដ្ឋអាមេរិក គឺជាជំហានសំខាន់មួយទៅមុខ។ លោកសម្តែងក្តីសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ នឹងអាចស្តាប់ឮការផ្សាយតាមវិទ្យុក្នុងស្រុក នូវកម្មវិធី នៃវិទ្យុសំឡេងសហរដ្ឋអាមេរិក និងសេចក្តីរាយការណ៍ពីព័ត៌មានដ៏សំខាន់ទាំងក្នុងស្រុក និងអន្តរជាតិ ពីវិទ្យុអាស៊ីសេរី។

សូមបញ្ជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី W. Patrick Murphy បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation