ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយ
| ព័ត៌មានជាតិ
SHARE

យោងតាមទិន្ន័យការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក ក្នុងរយៈពេល ៩ខែដំបូងឆ្នាំ ២០១៩នេះ មានអត្រាកំណើនជិត៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពឆ្នាំមុន។

ទិន្នន័យដដែលនេះ បង្ហាញទៀតថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ មានតម្លៃទឹកប្រាក់សរុបចំនួន ៣៩៦៥លានដុល្លារ បានកើនឡើង ៣៨,៥៣ភាគរយ ពីចំនួនទឹកប្រាក់ចំនួន ២៨៦២លានដុល្លារ ធៀប ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននេះ ត្រូវបានគេមើលឃើញថា ជាអត្រាខ្ពស់បំផុតនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេល ១៩ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ ២០០០មកម៉្លេះ ។ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ចាប់ផ្តើមមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ គិតចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអនុគ្រោះពន្ធទាំងស្រុងសម្រាប់ផលិត ផលសម្រាប់ធ្វើដំណើររបស់កម្ពុជា កាលពីឆ្នាំ ២០១៦មក។

ចំណែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ មានតម្លៃទឹកប្រាក់ប្រមាណ ៤០០លានដុល្លារ ពោលគឺបានកើនឡើង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយករង្វង់ពី ២៥ ទៅ ៣០ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។ ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។

ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យជាដើម។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ៧ ដែលរៀបចំឡើងនៅ ប្រទេសថៃ កាលពីថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិស័យធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនោះលោកឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ប្រទេសកម្ពុជា ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP របស់សហរដ្ឋអាមេរិក ហើយការរីកចម្រើននេះ បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានជាច្រើនក្នុងវិស័យកាត់ដេរស្បែកជើង និងកាបូបនៅកម្ពុជា។

ការពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្តល់ឱ្យកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សានាំចូលរបស់សម្រាប់ការធ្វើដំណើរដែលមានតម្លៃចំនួន ១០ពាន់លានដុល្លារអាមេរិក នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្ត ដល់ការអភិវឌ្ឍថែមទៀតនៃឧស្សាហកម្មវាយន ភណ្ឌរបស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មដែលផ្តល់ការចំណេញ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ៤២៦៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣៨១៨លានដុល្លារ ខណៈកម្ពុជាចូលមកវិញមានចំនួន ៤៤៥លានដុល្លារអាមេរិក៕ អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation