ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីកិច្ចពិភាក្សាជាមួយជប៉ុនស្តីពីកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធា

image

នៅថ្ងៃសុក្រនេះ មន្ត្រីការទូតកូរ៉េខាងត្បូងម្នាក់នៅក្នុងទីក្រុងតូក្យូបានបដិសេដមិនធ្វើការអត្ថាធិប្បាយជុំវិញការសម្រេចចិត្តរបស់កូរ៉េខាងត្បូងដែលមិនបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធាជាមួយជប៉ុន។

កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនហើយមន្ត្រីការទូតជាន់ខ្ពស់ជប៉ុនបានស្នើឲ្យសមភាគីកូរ៉េខាងត្បូងធ្វើការឆ្លើយតបដោយសមហេតុផល។

សូមរម្លឹកថា កាលពីខែសីហាកូរ៉េខាងត្បូងបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខជាមួយជប៉ុនដែលកិច្ចព្រមព្រៀងនេះមានគោលបំណងជួយជប៉ុននិងកូរ៉េខាងត្បូងចែករំលែកព័ត៌មានគ្នាទៅវិញទៅមកអំពីសកម្មភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

បន្ទាប់ពីកិច្ចប្រជុំរយៈពេលជាង២ម៉ោងបានបញ្ចប់, អគ្គនាយកទទួលបន្ទុកកិច្ចការក្នុងតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកប្រចាំក្រសួងការបរទេសកូរ៉េខាងត្បូងលោក គីម ជុងហាន (Kim Jung-han) បានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីបញ្ហាដែលត្រូវបានពិភាក្សាជាមួយសមភាគីជប៉ុនឡើយ។

កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធានោះនឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយបន្ទាប់ពីកូរ៉េខាងត្បូងបានសម្រេចចិត្តមិនបន្តឡើងវិញក្រោយពីជប៉ុនបានរឹតបន្តឹងលើការត្រួតពិនិត្យការនាំចេញទៅកូរ៉េខាងត្បូង៕