កម្ពុជា កំពុងរៀបចំច្របាច់ក្រុមអធិការកិច្ចបញ្ចូលគ្នាតែមួយ ដើម្បីសម្រួលការលំបាកដល់វិស័យឯកជន និងបង្កើនប្រសិទ្ធភាពការងារ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួង៤ ដែលរួមមាន ក្រសួងការងារ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានពិភាក្សាគ្នា ស្ដីពីការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរស្ថាប័នលើកដំបូង នៅទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យការច្របាច់បញ្ចូលនេះ សម្រួលការលំបាកដល់វិស័យឯកជន និងបង្កើនប្រសិទ្ធភាពការងារ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងតាមលទ្ធផលវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យក្រសួងការងារ ទទួលបន្ទុកការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរក្រសួង-ស្ថាប័ន ក្នុងនោះ ចែកជា២ជំហាន។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចពិភាក្សាជាមួយអន្តរក្រសួងនាព្រឹកនេះ យើងបានស្នើសុំបញ្ជីអធិការកិច្ចការងាររបស់ក្រសួងនីមួយៗមកពិនិត្យរួមគ្នា «ប្រសិនបើកម្មវត្ថុអធិការកិច្ចណាខ្លះដូចគ្នា យើងនឹងសំយោគបញ្ចូលគ្នា ហើយកម្មវត្ថុណាខ្លះស្រដៀងគ្នា និងវាមានស្តង់ដារផ្សេងគ្នា យើងអាចសំយោគស្តង់ដារនេះឱ្យទៅជាស្តង់ដាររួម»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្នុងដំណើរការនៃការធ្វើអធិការកិច្ចការងារនេះ ដំបូងឡើយម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯកជននានា ត្រូវធ្វើស្វ័យប្រកាសដោយខ្លួនឯងជាមុនសិន បន្ទាប់មក ក្រុមអធិការកិច្ចការងារអន្តរក្រសួង-ស្ថាប័ននឹងចុះទៅត្រួតពិនិត្យរួមគ្នាលើស្វ័យប្រកាសរបស់ផ្នែកឯកជនទាំងនោះ «ថាតើកិច្ចការដែលគាត់ធ្វើសមស្រប ឬត្រឹមត្រូវតាមស្វ័យប្រកាសរបស់គាត់ដែរឬទេ?»។ ដល់ពេលនោះ ក្រុមអធិការកិច្ចការងារអន្តរក្រសួងនឹងធ្វើការវាយតម្លៃជាក់ស្ដែងទៅលើអាជីវកម្មរបស់ពួកគាត់តែម្ដង៕អត្ថបទ ៖អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation