ព័ត៌មានអន្តរជាតិ

ចិនប្រកាសថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិកនៅបន្តប៉ុន្តែការដំឡើងពន្ធគយត្រូវលុបចោល

image

ចិន៖ មន្ត្រីនាំពាក្យឲ្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថាសហរដ្ឋអាមេរិកត្រូវលុបចោលការដំឡើងពន្ធគយលើទំនិញ របស់ចិនទើបក្រុងប៉េកាំងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីងតោនដោយបានបន្ថែមថាភាគីទាំងពីរកំពុងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើបញ្ហានេះ។

មន្ត្រីនាំពាក្យឲ្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថាប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើមដោយការដំឡើងពន្ធគយដូច្នេះហើយវាក៏គួរតែបញ្ចប់ទៅវិញដោយការលុបចោលការដំឡើងពន្ធគយដូចគ្នាដែរដែលនេះគឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់ភាគីទាំងពីរឈានទៅដល់កិច្ចព្រមព្រៀង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានព្រមព្រៀងគ្នាកាលពីខែមុនក្នុងការបន្តកិច្ចចរចាពាណិជ្ជកម្មឡើងវិញដែលមានគោលបំណងដោះស្រាយជម្លោះដែលមានអាយុកាលជាងមួយឆ្នាំមកនេះពាក់ព័ន្ធនឹងបច្ចេកវិជ្ជានិងគោលនយោបាយឧស្សាហកម្ម។ នៅក្នុងការព្រមព្រៀងគ្នានោះដែរភាគីទាំង២ក៏បានយល់ព្រមបញ្ឈប់ការដំឡើងពន្ធគយបន្ថែមទៀត។

គួរកត់សម្គាល់ថាចិននិងអាមេរិកបានដំឡើងពន្ធគយដែលមានតម្លៃរាប់ពាន់លានដុល្លារទៅលើទំនិញដែលនាំចូលពីម្ខាងៗហើយរបាយការណ៍ជាច្រើនបង្ហាញថាចិនចង់ឲ្យអាមេរិកលុបចោលការដំឡើងពន្ធគយទាំងនោះនៅក្នុងកិច្ចព្រមព្រៀងណាមួយប្រសិនបើភាគីទាំង២អាចសម្រេចបាន។

ប៉ុន្តែកិច្ចពិភាក្សាបន្ថែមទៀតបានជាប់គាំងហើយលោក ត្រាំ បានគំរាមដំឡើងពន្ធគយបន្ថែមទៀតទៅលើទំនិញនាំចូលពីចិនប្រសិនបើការចរចាមិនអាចសម្រេចបានកិច្ចព្រមព្រៀងបណ្តោះអាសន្នទេនោះ៕