សំណុំរឿងលោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចបិទការស៊ើបសួរ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី “ការបិទការស៊ើបសួរ” របស់សាលាដំបូងរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹង ស្តីពី “ការបិទការស៊ើបសួរ”  បង្ហាញថា លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ “សន្និដ្ឋិភាពជាមួយបរទេស” ប្រព្រឹត្តនៅប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បទសន្និដ្ឋិភាពជាមួយបរទេស ចែងថា “គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬ ភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យ មានអំពើប្រទូសរ៉ាយ ឬ ឲ្យ មានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា”។ បទ សន្និដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។ 

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្ហាញថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឲ្ជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ធការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

ដោយពិនិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទ ជាពិសេស ត្រង់ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាលនិងម្យ៉ាងទៀត ដោយសារនាពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ, ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៤៩៩៦ “គ” ដ.ព.ស ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤ “គ”ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩, ជនត្រូវចោទឈ្មោះ ក៏ប សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖

ក-មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

ខ- មិនត្រូវធ្វើសកម្មភាពនយោបាយ។

គ-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation