សំណង់មួយកន្លែងក្នុងក្រុងបានលុងសាងសង់ជិតរួច១០០% ប្រឆាំងនឹងសាលដីការតុលាការខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ ការសាងសង់សំណង់ខុសនឹងច្បាប់អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកជិតខាង បើទោះជាតុលាការ ចុះអនុវត្តដីការសម្រេចរក្សាការពារតម្រូវឲ្យម្ចាស់សំណង់ផ្អាកការសាងសង់បណ្ដោះអាសន្តរួចម្ដងមកហើយយ៉ាងណាក៏ដោយ ក៏ការអនុវត្តសាលដីការនោះ ហាក់មិនមានប្រសិទ្ធភាពទៅលើម្ចាស់សំណង់នោះឡើយ។

សំណង់មួយកន្លែងនេះ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចផ្លូវកែងខាងកើតអតីតព្រលានយន្តហោះ ដែលមានម្ចាស់ឈ្មោះ ចន ចំរើន ត្រូវបានសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ក្រោយពីតុលាការខេត្តរតនគិរី បានដឹកនាំកម្លាំង ចុះអនុវត្តដីការសម្រេចឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកនោះ។

តាមការឲ្យដឹងពីលោក លីវ លឿន ជាដើមបណ្ដឹងដែលមានព្រំដីជាប់គ្នាថា សំណង់ដែលលោក ចន ចំរើន បានសាងសង់ ខិតមកជិតរបងរបស់គាត់ ហើយធ្វើឲ្យប៉ះពាល់ ខូចខាតដល់ទ្រព្យសម្បត្តិរបស់គាត់ បើទោះជាគាត់សុំឲ្យលោក ចន ចំរើន ជួសជុលការខូចខាតឲ្យគាត់វិញ ក៏គេមិនជួលជុលឲ្យដែរ។ លោក លីវ លឿន បានបន្តថា គាត់ក៏សម្រេចចិត្តសុំការអន្តរាគមន៍ពីសង្កាត់ រហូតដល់ក្រុង។ អាជ្ញាធរក្រុង ក៏ចុះមកពិនិត្យ ហើយចេញលិខិតជូនលោក ចន ចំរើន ម្ចាស់សំណង់ឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន ដោយពិនិត្យឃើញសំណង់នោះ មិនស្របទៅនឹងប្លង់ស្នើសុំសាងសង់។ ដើមបណ្ដឹងដដែលបន្តទៀតថា ទោះសាលាក្រុងចេញលិខិតផ្អាកការសាងសង់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ យ៉ាងណាក៏ដោយ ក៏លោក ចន ចំរើន នៅតែបន្តការសាងសង់ដដែល។ លោក លីវ លឿន ក៏ដាក់ពាក្យបណ្ដឹងចូលសាលាដំបូងខេត្ត ហើយតុលាការខេត្ត ក៏បានពិនិត្យសម្រេចចេញសាលដីការរក្សាការពារ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ហាមឃាត់លោក ចន ចំរើន និងបក្សពួក មិនឲ្យធ្វើសកម្មភាពសាងសង់សំណង់បន្ត ដែលមានព្រំជាប់គ្នាជាមួយលោក លីវ លឿ ជាបណ្ដោះអាសន្ន។

តែលោក ចន ចំរើន និងបក្សពួក នៅតែមិនគោរពតាម រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក រ៉ា បូរ៉ាន់ឌី អាជ្ញាសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងចុះអនុវត្តតាមដីការសម្រេចរក្សាការពារលេខ ០១ "ច" ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សម្រេចឲ្យអនុវត្តជំនួសលេខ ១២ "ង" ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តរតនគិរី បន្ទាប់ពីតុលាការចុះអនុវត្តដីការសម្រេចរួចមកលោក ចន ចំរើន និងបក្សពួក នៅតែបន្តសាងសង់ផ្គើននឹងការចុះអនុវត្តដីការនោះដដែល រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៩ សំណង់នេះជិតរួចរាល់១០០% ហើយ។

លោក លីវ លឿ សុំសំណូមពរដល់តុលាការ មេត្តាមានចំណាត់ការ និងពន្លឿនរឿងក្ដីនេះ ដើម្បីរកយុត្តិធម៌ជូនគាត់ផង។


ជុំវិញករណីខាងលើនេះដែរ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៩ ថា នៅថ្ងៃចុះអនុវត្តសាលដីការជាមួយសម្ថកិច្ចនោះ លោកបានឃាត់ខ្លួនលោក ចន ចំរើន បញ្ជូនមកសាលាដំបូងខេត្តហើយ តែក្រោយពេលប្រជុំ ខាងតុលាការសម្រេចមិនឃុំខ្លួន ហើយលោក ក៏បានប្ដឹងទៅសាលាឧទ្ធរណ៍ទៅនឹងដីការសម្រេចមិនឃុំនេះដែរ។ លោក រ៉ា បូរ៉ាន់ឌី បានបន្តទៀតថា ពាក់ព័ន្ធទៅនឹងសំណង់នៅតែធ្វើបន្តនោះ លោក លីវ លឿ បានដាក់ពាក្យបណ្ដឹងជាថ្មីមកលោករួចហើយ លោកនឹងចាត់ការ ករណីមិនរាងចាល ពីព្រោះនេះជាបទល្មើសប្រឆាំងនឹងដីការសម្រេចរក្សាការពារ។ ហើយរឿងនេះ អង្គសេចក្ដីទាក់ទងទៅនឹងរឿងប្បវេណី ថាតើគួរគប្បីសម្រេច ត្រូវវ៉ៃសំណង់នោះចោល ឬយ៉ាងណា បើទោះជាគាត់បានសង់សំណង់នេះ រួចរាល់ក៏ដោយ ក៏អត់ប្រយោជន៍ដែរ។

ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានមហាជន នឹងរងចាំមើលថា តើលទ្ធផលនៃការប្រឆាំងដីកាសម្រេចខាងលើនេះ តើវិធានការផ្លូវច្បាប់ ប្រព័ន្ធតុលាការ នឹងចាត់ការយ៉ាងណា ចំពោះជនដែលប្រឆាំងនឹងដីកាសម្រេចរក្សាការពារខាងលើនេះ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕ ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation