សមាជិកព្រឹទ្ធសភាអាមេរិក ស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Doug Ericksen បានចូលជួបស្វែងយល់ពីឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ជំនួបពិភាក្សានេះ ធ្វើឡើងក្រោមវត្តមានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក Doug Ericksen សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងសហការី។

គោលបំណងនៃជំនួបនេះ គឺផ្តោតសំខាន់ទៅលើការស្វែងយល់ពីស្ថានភាពពិតប្រាកដនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម ការធ្វើវិនិយោគ និងការអភិវឌ្ឍផ្សេងៗនៅកម្ពុជា ដោយផ្ទាល់ភ្នែករបស់លោក Doug Ericksen សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ដើម្បីថ្ងៃក្រោយរូបលោកនឹងរៀបចំអញ្ជើញអ្នកវិនិយោគធំៗពីសហរដ្ឋអាមេរិក មកស្វែងយល់បន្ថែមពី ទីផ្សារស្រុកខ្មែរ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតជាមួយសភាពាណិជ្ជកម្មកម្ពុជា។

នៅក្រោយជំនួបពិភាក្សានេះ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ជំនួបនេះផ្តោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ហើយនៅក្នុងនោះ សមាជិកព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក បានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា និងចង់ឱ្យសេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនល្អ។

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាជំនួបដែលបង្ហាញសញ្ញាល្អ ដើម្បីជំរុញបន្ថែមនូវទំនាក់ទំនង ក៏ដូចជាពាណិជ្ជកម្មពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាយើង៕ដោយ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation