សម្តេចតេជោហ៊ុនសែនអញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង នៅខេត្តកំពត ដែលជារោងចក្រស៊ីម៉ង់ត៍ខ្នាតធំទី៥ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

រោងចក្រផលិតស៊ីម៉ង់ត៍នេះមានតម្លៃ ១១០លានដុល្លារ ស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ លើផ្ទៃដីទំហំជិត ៧០០ហិកតា។

រោងចក្រនេះ សមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ២៥០០តោន ក្នុងមួយថ្ងៃ ស្មើនឹងជិត ១លានតោន ក្នុងមួយឆ្នាំ។


កំពត៖ រោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង នៅខេត្តកំពត បើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ អញ្ជើញសម្ពោធរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុនរ៉ុង។

កាលពីរសៀលថ្ងៃពុធ ម្សិលមិញ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រៀមបដិសណ្ឋារកិច្ចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ពិធីសម្ពោធដាក់ឲ្យដំណើរការនូវរោងចក្រស៊ីម៉ងតិ៍ថៃ ប៊ុនរ៉ុង។

តាមការបញ្ជាក់ពីឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពតបានអញ្ជើញប្រជាពលរដ្ឋមកពីប្រាំស្រុក និងមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តចំនួន៨.៧១៧នាក់សម្រាប់ទទួលបដិសណ្ឋារកិច្ចសម្តេចតេជោក្នុងពិធីសម្ពោធសមិទ្ធផលដ៏មានសារសំខាន់នោះ។

ក្នុងឱកាសកាសនៃការបើកសម្ពោធនេះដែរ រដ្ឋបាលខេត្តកំពតបានបញ្ជារឱ្យ
រោងចក្រស៊ីម៉ងត៍ទាំងអស់នៅក្នុងខេត្តផ្អាកសកម្មភាពនៃការបំផ្ទុះថ្មនៅតាមការដ្ឋានវាយថ្មសំណង់ ,ការដ្ឋានថ្មស៊ីម៉ងត៍​ និងថ្មកំបោរគ្រប់ប្រភេទ​ ក្នុងថ្ងៃសម្ពោធដាក់ឲ្យដំណេីរការជាផ្លូវការរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុងនេះ។

សូមជម្រាបថា រោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានតម្លៃ ១១០លានដុល្លារ បើកសម្ពោធនាព្រឹកនេះ ជារោងចក្រផលិតស៊ីម៉ង់ត៍ ទី៥ នៅកម្ពុជា។
របាយការណ៍បង្ហាញថា រោងចក្រផលិតស៊ីម៉ង់ត៍នេះ ស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ២៥០០តោន ក្នុងមួយថ្ងៃ ស្មើនឹងជិត ១លានតោន ក្នុងមួយឆ្នាំ។

របាយការណ៍បន្ថែមថា រោងចក្រផលិតស៊ីម៉ង់ត៍នេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះ មានជនជាតិបរទេសប្រមាណ ៣៥នាក់។ ក្រុមហ៊ុន ត្រូវបង់ថ្លៃសួសារថ្មកំបោរ ចូលរដ្ឋប្រមាណ ៦៨ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។


បើតាមអគ្គនាយកដា្ឋនធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រស៊ីម៉ង់ត៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលអាចផលិតស៊ីម៉ង់ត៍ បានជិត ៨លានតោន ក្នុងមួយឆ្នាំ។

រោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៥នេះ រួមមាន៖
១៖ រោងចក្រស៊ីម៉ង់ត៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោន ក្នុងមួយឆ្នាំ។

៣៖ រោងចក្រស៊ីម៉ង់ត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត ២លានតោនក្នុងមួយឆ្នាំ។

៥៖ រោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត ១លានតោន ក្នុងមួយឆ្នាំ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation