ប្រធានាធិបតីស៊ីលីលោក ស៊ីបាស្ទៀន ភីណេរ៉ា (Sebastián Piñera) បានអំពាវនាវឲ្យសមាជិកសភាចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាតិសំខាន់ៗចំនួន៣កាលពីថ្ងៃអង្គារបន្ទាប់ពីមានការតវ៉ានិងការធ្វើកុបកម្មអស់រយៈពេលជិត១ខែនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងសុន្ទករថាចាក់ផ្សាយតាមទូរទស្សន៍, លោក ភីណេរ៉ា (Piñera) បាននិយាយថា លោកចង់កែប្រែរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តក្នុងអំឡុងរបបផ្តាច់ការរបស់ឧត្តមសេនីយ៍ អូហ្គូស្តូ ភីណូចេត (Augusto Pinochet)។
មនុស្សរាប់ពាន់នាក់បានដើរក្បួនដោយសន្តិភាពនៅក្នុងរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ដោយមានគ្រវីទង់ជាតិស៊ីលីនិងទង់ជាតិក្រុមជនជាតិដើមភាគតិចម៉ាពូឆេ (Mapuche) ។
ប៉ុន្តែបាតុករជាច្រើនក្រុមទៀតនៅក្នុងរដ្ឋធានីនេះក៏បានប៉ះទង្គិចគ្នាជាមួយប៉ូលិសដែលបានបាញ់កាណុងទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកទៅលើពួកគេផងដែរ។
កាលពីយប់ថ្ងៃអង្គារដដែលនោះ វិហារសាសនាគ្រិស្តមួយកន្លែងត្រូវបានគេចូលរុករើនិងដុតកម្ទេច ហើយមានការរាយការណ៍ជាច្រើនពីការលួចឆក់ប្លន់នៅតាមភោជនីយដ្ឋាននិងហាងទំនិញនានា។ លោក ភីណឺរ៉ា (Piñera) បានថ្កោលទោសអំពើហិង្សាដែលបានកើតឡើងបន្ទាប់ពីការតវ៉ាដោយសន្តិភាពនោះដោយនិយាយថាស្ថានភាពអំពើហិង្សាដ៏ធ្ងន់ធ្ងរនេះបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅស៊ីលី។
គួរបញ្ជាក់ថា បាតុកម្មបានចាប់ផ្ដើមកាលពីខែមុនបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសដំឡើងថ្លៃសេវារថភ្លើងក្រោមដីនិងបានប្រែក្លាយទៅជាចលនាប្រឆាំងគ្មានមេដឹកនាំនៅទូទាំងប្រទេសជាមួយនឹងការទាមទារបានឈានទៅដល់ពាក់ព័ន្ធនឹងវិស័យអប់រំ, សេវាសុខភាព និងវិសមភាពសេដ្ឋកិច្ច៕