រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២៤

ព្រះសីហនុ៖ ដើម្បីចូលរួមអបអរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២៤ ស្អែកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋនៅវេទិកា៧មករាស្ថិតនៅក្នុងសង្កាត់លេខ ៣ក្រុងព្រះសីហនុដោយមានអ្នកចូលរួមជាង ១ពាន់នាក់។
នៅរសៀលថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបាន និងកំពុងរៀបចំចងបដាពាក្យស្លោកគាំទ្រគម្រោងព្រៃជីកហ្វូណនតេជោ ការសមច្រៀងរបស់សិស្សានុសិស្ស ការរៀបចំទង់ជាតិ ៩ ទង់សាសនា ៩ ទង់ព្រះមហាក្សត្រ ៩ ការរៀបចំ ស្គរ ឆៃយ៉ាំ ការបញ្ចាំងស្លាយបន្តផ្ទាល់ ការប្រគំតន្ត្រី ដោយឡែកនៅតាមបណ្ដាក្រុងស្រុកមន្ទីរអង្គភាពបណ្ដារោងចក្រសហគ្រាស តាមបណ្ដាវត្តអារាម ក៏បានរៀបចំរៀងៗខ្លួនតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាយើងប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោជាផ្លូវការនៅថ្ងៃទី ៥ខែសីហាឆ្នាំ២០២៤ស្អែកនេះ ឱ្យមានភាពអធិកអធម្មផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម








