កប៉ាល់ទេសចរណ៍បរទេសធំៗចូលចតក្នុងក្រុងកំពង់ចាមនិងចូលទស្សនានៅតាមតំបន់ទេសចរណ៍នានា
| ព័ត៌មានជាតិ
SHARE

ជារៀងរាល់ខែស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងកំពង់ចាមតែងតែសង្កេតឃើញមានកប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុនបរទេសជាច្រើនគ្រឿងបានចូលចតជាបន្តបន្ទាប់។ ដោយក្នុងនោះភ្ញៀវទេសចរចម្រុះជាតិសាសន៍បានធ្វើដំណើរចេញពីប្រទេសវៀតណាមតាមរយៈកប៉ាល់ធំៗចូលមកកាន់ទឹកដីខេត្តកំពង់ចាម ប្រទេសកម្ពុជាតាមដងទន្លេមេគង្គ។ បើតាមមគ្គទេសក៍ទេសចរណ៍បានឲ្យដឹងថាភ្ញៀវទេសចរទាំងនេះបានចូលទៅទស្សនានៅតាមរមណីយដ្ឋាននានា ដូចជាប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី វត្តភ្នំហាន់ជ័យ វត្តដីដុះ ហើយភ្ញៀវទេសចខ្លះបាននាំគ្នាដើរកម្សាន្តនៅក្នុងក្រុងកំពង់ចាម និងជិះកង់ ជិះម៉ូតូកង់៣ដើម្បីជិះទៅកម្សាន្តនៅតាមភូមិនៅលើទឹកដីកោះក្នុងឃុំកោះមិត្តជាដើម។

ហើយបន្ទាប់ពីទស្សនកិច្ចនៅក្នុងខេត្តកំពង់ចាមរួចមកគឺពួកគាត់បានបន្តដំណើរតាមរយៈរថយន្តទេសចរណ៍ធំៗដើម្បីទៅ ទស្សនាប្រាសាទអង្គរវត្តនៅលើទឹកដីខេត្តសៀមរាបមុនពេលដែលត្រឡប់ទៅប្រទេស កំណើតវិញតាមរយៈជើងយន្តហោះពីប្រទេសកម្ពុជា។ មគ្គទេសក៍ទេសចណ៍បានបញ្ជាក់ទៀតថាភ្ញៀវទេសចរបរទេសទាំងនោះភាគច្រើនមកពីប្រទេស អាមេរិកាំង កាណាដា អូស្រាលី ជប៉ុន ចិន អាល្លឺម៉ង់ ជប៉ុន និងបណ្តាលប្រទេសមួយចំនួនទៀតនៅលើសកលលោក។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្តកំពង់ចាមមានចំនួនកើនឡើងប្រមាណ៤០ភាគរយបើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ដោយឡែកក្នុងខេត្តកំពង់ចាមមានរមណីយដ្ឋានជាច្រើនដូចជា រមណីយដ្ឋានបែបធម្មជាតិ ឆ្នេរខ្សាច់កោះប៉ែនប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី វត្តភ្នំហាន់ជ័យ ទឹកឆាជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation