សម្តេច ស ខេង បញ្ជាក់ថា កម្ពុជា នឹងមិនវិលត្រឡប់ជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតវិញឡើយ
| ព័ត៌មានជាតិ
SHARE

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃនេះ មានប្រសាសន៍ថា សម្តេច ស ខេង បញ្ជាក់ថា កម្ពុជា នឹងមិនវិលត្រឡប់ជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតវិញឡើយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅលើ ផេកហ្វេសប៊ុកផ្លូវការដោយសម្តែងនូវសេចក្ដីរំភើបរីករាយឥតឧបមាចំពោះការប្រព្រឹត្តទៅនៃពិធីបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក នាឆ្នាំ២០១៩ នេះ ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានអញ្ជើញចូលរួមពិធីទទួលទានអំបុកថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ទីកន្លែង ដោយភាគច្រើនបានមកកម្សាន្តនៅរាជធានីភ្នំពេញ អ្នកខ្លះបានធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកភូមិកំណើត និងខ្លះទៀតបានអញ្ជើញកម្សាន្តសប្បាយនៅតំបន់រមណីយដ្ឋានទេសចរណ៍នានា ។

សម្តេចក្រឡាហោម សខេង មានប្រសាសន៍បន្តថា បើទោះបីជានៅឆ្នាំនេះ ពិធីបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានប្រព្រឹត្តនៅក្នុងបរិបទដែលមានក្រុមឧទ្ទាមបានប្រកាសពីផែនការវិលចូលប្រទេសដើម្បីបង្កបង្កើតភាពចលាចលឈានទៅធ្វើរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលក៏ដោយ ក៏ព្រះរាជពិធីបុណ្យជាតិយើង បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រក្សាបានល្អប្រសើរ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងឡើយ។ ភាពសុខសាន្តដ៏ល្អប្រសើនេះគឺដោយសារតែមានការចូលរួមពីបងប្អូនជនរួមជាតិ និង ការបំពេញភារកិច្ចបានយ៉ាងល្អខ្ជាប់ខ្ជួនរបស់អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តយ៉ាងដូច្នេះថា ៖
« ក្នុងឋានៈជាសមាជិករាជរដ្ឋាភិបាល និង ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងអនុវត្តវិធានការណែនាំទាំង៨ចំណុច ដែលខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព សភាពការណ៍ផ្ទៃក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋបានចូលរួមប្រារព្ធពិធីបុណ្យជាតិ ប្រកបដោយសុខសុវត្ថិភាព និង ភាពសប្បាយរីករាយ ។

ការចូលរួមសហការពីបងប្អូនជនរួមជាតិ និងការអនុវត្តភារកិច្ចរបស់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចដ៏ល្អប្រសើនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវសេចក្ដីគោរពប្រកបដោយភក្ដីភាពបំផុតរបស់ប្រជាជាតិខ្មែរយើងទាំងមូល ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និង ជាការបញ្ជាក់យ៉ាងច្បាស់នូវមហាសាមគ្គីជាតិខ្មែរក្នុងការបដិសេធទាំងស្រុងចំពោះចេតនាណាមួយដែលប៉ុនប៉ងរំលាយរបបរាជានិយម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញ សន្តិភាព សុខដុមរមនា និងការអភិវឌ្ឍន៍ របស់ជាតិយើង ។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យស្មារតីដ៏ឧត្តុងឧត្តមនេះបន្តស្ថិតក្នុងដួងចិត្តជនរួមជាតិខ្មែរជានិច្ចនិរន្តរ៍ ដើម្បីឲ្យប្រទេសជាតិយើងបន្តរក្សាបាននូវសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ដែលជាកត្តាចំបាច់បំផុតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខក្សេមក្សាន្ត និងធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជាដែលបានឆ្លងកាត់ការបែកបាក់ជាតិ ការព្រាត់ប្រាស់ សង្គ្រាមកាប់សម្លាប់ នឹងមិនវិលត្រឡប់ជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះវិញឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation