៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ មានអ្នកដើរកម្សាន្តជិត ៥លាននាក់ កើនលើសឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ចំនួនប្រជាពលរដ្ឋដើរកម្សាន្ត នៅក្នុងព្រះរាជពិធីនេះ ក្នុងរាជធានីភ្នំពេញសរុបមានប្រមាណ ៤លាន ៧សែន ៥ម៉ឺនលាននាក់។

របាយការណ៍បង្ហាញទៀតថា ចំនួនប្រជាពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នៅថ្ងៃទី១ នៅរាជធានីភ្នំពេញមានអ្នកចូលរួមប្រមាណ ៥៥ម៉ឺននាក់ និងនៅថ្ងៃទី ២ មានអ្នកចូលរួមប្រមាណ ១លាន ៥សែន នាក់ ខណៈដែលថ្ងៃទី ៣នៃព្រះរាជពិធី មានអ្នកចូលរួមកើនឡើងដល់ ២លាន ៧សែននាក់។

តាមរយៈទំព័រហ្វេសប៊ុកកាលពីសម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅពេលនេះ អាកាសធាតុនៅខាងមុខព្រះបរមរាជវាំង ក៏ដូចជានៅតាមបណ្ដោយតាមមាត់ទន្លេ​ត្រជាក់ល្អ ដែលអំណោយផលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលកំពុងចូលមកកម្សាន្តជាបន្តបន្ទាប់ ដើម្បីទស្សនាការប្រណាំងទូក ក៏ដូចជាការទស្សនា នូវការតាំងពិពរណ៌ផ្សេងៗ។

ជាធម្មតាពេលវេលាដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចូលមកទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ក៏ដូចជាតាមបណ្ដោយដងទន្លេ និងតាមស្តង់ពិពរណ៌ផ្សេងៗ គឺចាប់ពីពេលរសៀលដែលមានអាកាសធាតុត្រជាក់។


សម្តេចតេជោ បានលើកឡើងទៀតថា នៅថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ថ្ងៃចុងក្រោយនេះ។

តាមបណ្តោយសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរីយក្សត្រ និងព្រះបរមរាជវាំង ឃើញថាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ច្រើនកុះករបានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយទឹកមុខស្រស់ញញឹមក្នុងព្រះរាជពិធី បុណ្យអុំទូក ថ្ងៃចុងក្រោយនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាលដែលបានផ្តល់នូវការមើលថែរសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃនេះ។

បើតាមការលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីម្សិលមិញបានប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមក កម្សាន្តនៅរាជធានីភ្នំពេញរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានចំនួនច្រើនជាងឆ្នាំមុន ពោលគឺកាលពីឆ្នាំមុនរាជធានីភ្នំពេញមានអ្នកទស្សនាប្រមាណ ៤,៥លាននាក់ ហើយចំនួនប្រជាពលរដ្ឋដើរកម្សាន្តទូទាំងប្រទេសសរុបមានប្រមាណជាង ៥លាននាក់ ប៉ុន្តែឆ្នាំនេះគឺមិនចាញ់ឆ្នាំមុននោះទេ ពោលគឺមានចំនួនច្រើនជាងឆ្នាំមុន។

ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ​នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកនេះ បានបង្ហាញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ ជាពិសេសប្រទេសកម្ពុជា មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចដើរកម្សាន្តយ៉ាងសប្បាយទៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation