ព័ត៌មានជាតិ

ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង មាន​ទូក​ចំនួន​២៥ទៅ​ចូលរួម​អុំ​និង​ចែវ​ប្រណាំង នៅ​រាជធានី​ភ្នំពេញ​

image

​កំពង់ឆ្នាំង ៖ ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​ទូក​ចំនួន​២៥ទៅ​ចូលរួម​អុំ​និង​ចែវ​ប្រណាំង នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំ​​ពេញ ដែល​នឹង​ប្រ​ព្រឹ​តទៅ នៅ​ថ្ងៃទី​១០ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ។ មុនពេល​ចេញដំណើរ​អា​ជ្ញា​ធរ​ខេត្ត បានរៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កីឡា​ករកី ឡា​ការ​នី​ចំណុះ​ទូក ទាំងអស់ នៅ​វត្ត​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​ឯកឧត្តមអម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង និង ជា​ប្រធាន​គណកម្មការ​ដឹកនាំ​ទូក​បានអោយដឹងថា ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ទូក​អុំ ទូក​ចែវ ចំនួន​២៥ទូក អោយទៅ​ចូលរួម អុំ​និង​ចែវ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​ ដែល​មកពី​ក្រុង ស្រុក​ចំនួន​៦ និង​ មាន​កីឡាករ កីឡា​ការ​នី​សរុប​ចំនួន​១៣៦០នាក់ ក្នុងនោះស្រីចំនួន១៦២នាក់។​

​ឯកឧត្តមអភិបាលរង​ខេត្ត​បានបញ្ជាក់​ទៀតថា ខេត្តកំពង់ឆ្នាំង​ចាប់ផ្តើម​បញ្ជូន​ទូក​ចែវ ទូក​អុំ ទៅ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ចាប់តាំងពី​ឆ្នាំ​១៩៩១​មកម្ល៉េះ ក្នុងពេល​រាជរដ្ឋាភិបាល កម្ពុជា​បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​ជា​លើកដំបូង​មក​ម្លេះ ។ ហើយ រាល់ពេល​ប្រកួត កីឡាករ កីឡាការិនី​ខេត្តកំពង់ឆ្នាំង​ តែងតែ​នាំមក​វិញ​នូវ​ពានរង្វាន់​ជ័យលាភី ជូន​ខេត្ត​ជាច្រើន​ផងដែរ ។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​កីឡាក កីឡា​ការ​នី​នាពេលនោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា ពិធីបុណ្យ​ប្រ​អុំទូកបណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ។ ការប្រណាំង​ទូក មាន​រយះពេល​៣​ថ្ងៃ គឺ​ចាប់ពីថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច​ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ការប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី​ពី​ខ្មាំងសត្រូវ ។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​កីឡាក កីឡា​ការ​នី​ទាំងអស់ ត្រូវខិតខំយក​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត អនុវត្ត​ឲបាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​គណកម្មកា​រប​ច្ចេកទេស ដោយ​រក្សាបាន​នូវ​សីលធម៌ គុណធម៌ សុជីវធម៌ ឲសក្តិ​សមជា​កីឡាក កីឡាការនី និង ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ សាមគ្គីភាព​គ្នា និង​ត្រូវ​ចេះ​ថែទាំ​សុខភាព​៕ ដោយ ៖ ហឹង ចូច