រដ្ឋមន្រ្តីក្រសួងការងារចុះសំណេះសំណាលលើកទឹកចិត្តនិងជូនពរដល់កីឡាករអុំទូកឱ្យទទួលបានជោគជ័យ 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក ប្រមាណ៣៥០នាក់ នៅក្នុងបរិវេណវត្តចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីគាំទ្រដល់ការប្រណាំងទូកប្រព្រឹត្តទៅបានរលូន។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវប្រារព្វធ្វើនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ការពារទឹកដី ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿជឿជាក់ថា ក្រុមកីឡាករទូកទាំងនេះ នឹងអាចដណ្តើមយកជ័យជំនះបានច្រើនលើសលុប ក្នុងថ្ងៃប្រណាំងខាងមុខនេះ។ ឈ្មោះទូកទាំង៥ ក្រោមការជួយឧបត្ថម្ភទំនុកបម្រុងពីក្រសួងការងារ រួមមាន៖ ១.ទូកសំហេងសែនជ័យបារមីចាក់អង្រែលើ ២.បាសាក់សំហេងសែនជ័យ ៣.សំហេងសែនជ័យបារមីទួលទំពួង ៤. សំហេងមហាសែនតេជៈ ៥. សំហេងសែនតេជៈបារមីសារាវ័នតេជោ និងក្នុងនោះក៏មានទូកខ្នាតអន្តរជាតិចំនួន ១ ជាទូកវត្តចាក់អង្រែក្រោម ដែលមានស្រាប់ ដែលត្រូវចូលរួមប្រកួតប្រជែងជាមួយទូកខ្នាតអន្តរជាតិដូចគ្នាផងដែរ។ 

ឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភ ជាថវិកា ក៏ដូចជាសម្ភារៈ ក្នុងឱកាសពិធីប្រណំាងទូកនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យពិធីប្រណាំងនេះប្រព្រឹត្តទៅបានជោគជ័យ និងទទួលនូវភាពសប្បាយរីករាយទំាងអស់គ្នា។ ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗ ដែលជាកីឡាករទំាងអស់ ត្រូវតែរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទទួលទានស្អាត មានអនាម័យ និងចូលរួមចំណែក ក្នុងការថែរក្សាបរិស្ថានឲ្យបានល្អផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវអំណោយមួយចំនួនសម្រាប់ចែកជូនដល់កីឡាករ កីឡាការិនីទូកង នូវថវិកាចំនួន ៨០ម៉ឺនរៀល ក្នុង១ទូក សម្រាប់ទូកង ទាំង៤ គ្រឿង ថវិកាចំនួន ៣០ម៉ឺនរៀល ក្នុង១ទូក សម្រាប់ទូកង ខ្នាតអន្តរជាតិទាំង ២ គ្រឿង និងអាវចំនួន ២០០ ក្នុង១ទូក។ 

សូមជំរាបថា ពិធីប្រណាំងទូកនេះ គឺដើម្បីបង្ហាញពីសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរទូទំាងប្រទេស ដែលលែងមានការភ័យខ្លាចក្នុងការធ្វើដំណើរ និងសុវត្ថិភាព៕ដោយ៖អ៊ាវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation