រដ្ឋមន្ត្រីកិច្ចការនារី បញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ មានគោលដៅសំខាន់ៗចំនួន៥ ដែលមានគោលបំណង ជំរុញការបញ្ជ្រាបយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងឆ្លើយតបប្រកបដោយបរិយាប័ន្ន
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី​ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័ន លើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ដ្រនារីរតនៈទី៥ ឆ្នាំ២០១៩-២០២០, បានលើកឡើងថា នៅក្នុងក្របខណ្ឌគោលនយោបាយជាតិ មានគោលបំណង ជំរុញការបញ្ជ្រាបយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងឆ្លើយតបប្រកបដោយបរិយាប័ន្ន «មិនបោះបង់នរណាម្នាក់ឲ្យនៅឯកោ» ក្នុងរបៀបវារៈ នៃកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ចល្អ។     លោកជំទាវ បានឲ្យដឹងដែរថា ​គោលនយោបាយនេះ មានគោលដៅសំខាន់ៗចំនួន៥​៖ ទី១៖ ពង្រឹងសង្គតិភាព និងការអនុវត្តគោលនយោបាយ ក្របខណ្ឌច្បាប់ និងវិធានការដែលឆ្លើយតបនឹងយេនឌ័រ, ២៖ បង្កើនគណនេយ្យភាព និងការវិនិយោគឆ្លើយតបនឹង សមភាពយេនឌ័រ តាមវិស័យនិងគ្រប់កម្រិត ៣៖ ផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, ៤៖ ពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តមុខងាររបស់យន្តការ និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការជំរុញការបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្រ្តី, និង៥៖ ពង្រឹងវិធានការសមធម៌យេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តី និងបរិយាប័ន្ននៅក្នុងរបៀបវារៈ កំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ច ប្រកបដោយវានុវត្តន៍។

  លោកជំទាវរដ្ឋមន្ដ្រី បានបន្ដ​ថា គោលនយោបាយនេះ មានយុទ្ធសាស្ត្រចំនួន៥ផងដែរគឺ៖ ១៖ អភិវឌ្ឍ និងអនុវត្តគោលនយោបាយ ក្របខណ្ឌច្បាប់ កម្មវិធីជាតិ និងវិធានការ, ២៖ បង្កើនគណនេយ្យភាព និងការវិនិយោគឆ្លើយតបនឹង សមភាពយេនឌ័រតាមវិស័យ, ៣៖ ការផ្លាស់ប្តូរឥរិយាបថ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, ៤៖ ពង្រឹងភាពជាដៃគូ និងយន្តការ និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និង៥៖ វិធានការសមធម៌យេនឌ័រ នៅក្នុងកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ច។

  សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូលសំខាន់ៗពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យឯកសារ សេចក្តីព្រាងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្ត នារីរតនៈទី៥ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានឆ្លើយតប និងគិតគូរដាក់បញ្ចូលតម្រូវការ និងវិធានការនានា ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation