ស្ពានបេតុង១កន្លែង ព្រមទាំងផ្លូវប្រវែងជាង៦០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ រហូតដល់ឃុំមេម៉ង ស្រុកកែវសីមា ត្រូវបានបើកការដ្ឋានស្ថាបនា និងជួសជុល ដោយគ្រោងចំណាយថវិការជាង២លានដុល្លា ដែលជាជំនួយរបស់ក្រុមហ៊ុន រេនីសង់ រ៉ែមាស នៅចំណុចអូរខ្វាវ
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅចំនួនពីរឃុំ បានធ្វើចរាចរណ៍ឲ្យមានលក្ខណៈងាយស្រួលជាងមុន នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបើការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានបាឡេ១កន្លែង ឆ្លងកាត់អូរទេ ដោយមានការចូលរួមពីសំណាក់លោក ឡន់ សុធី ប្រធានកងវិស្វកម្មក្រសួងការពារជាតិ លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងពីរឃុំបានចូលរួមយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅការដ្ឋានសាងសង់ស្ពានបេតុងអូរទេ ស្ថិតនៅឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងថា ការបើកការដ្ឋានសាងសង់ស្ពានបេតុង និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានបាឡេ ឆ្លងកាត់អូរទេនាពេលនេះ គឺជាសមិទ្ធផលដ៏ធំសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមេម៉ង់ និងឃុំចុងផ្លាស់នេះតែម្តង ដើម្បីធ្វើចរាចរណ៍ទៅមកមានលក្ខណៈងាយស្រួល។

ឯកឧត្តម បញ្ជាក់ថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន រេនីសង់ ដែលជាក្រុមហ៊ុនរុករករ៉ែមាសនៅតំបន់អូរខ្វាវ ដែលចំណាយថវិកាជាច្រើន មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននេះ បានធ្វើការជួសជុល ផ្លូវចាប់ពីក្រុងសែនមនោរម្យ រហូតដល់ឃុំចុងផ្លាស់ ស្រុកកែវសីមា ប្រមាណជាង៦០គីឡូម៉ែត្របន្ថែមទៀត ហើយសមិទ្ធផលទាំងនេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ជាពិសេសក្នុងស្រុកកែវសីមានេះឲ្យមានការរីកចម្រើន។

ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីឲ្យដំណើរការនៃសាងសង់ស្ពានបេតុងនេះ ប្រព្រឹត្តិទៅដោយរលូន អាជ្ញាធរខេត្ត បានសាងសង់ស្ពានបាឡេ១កន្លែងជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរបណ្តោះអាសន្ន។

បន្ថែមលើនេះ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ស្ពានមួយនេះ ត្រូវជួយថែរក្សា និងជួយគាំទ្រគម្រោងនៃការសាងសង់មួយនេះ ដោយសហការណ៍ជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីឲ្យដំណើរការនៃសាងសង់ស្ពានបេតុងនេះ ទទួលបានជោគជ័យ។


ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារ៉ោម បានឲ្យដឹងថា មន្ទីរបានសហការណ៍ជាមួយក្រុមហ៊ុន រេនីសង់ រ៉ែមាស នៅចំណុចអូរខ្វាវ បានធ្វើការជួសជុលផ្លូវ ស្ពានលូប្រអប់ អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ជាអ្នកសាងសង់ ក្នុងនោះមានការសាងសង់ស្ពានបេតុង១កន្លែងប្រវែង៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយចំណាយថវិកាជិត៩០ម៉ឺនដុល្លា និងបានសាងសង់ស្ពានបាឡេ ១កន្លែងប្រវែង៦០ម៉ែត្រ ទទឹង៥ម៉ែត្រ ជូនប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ន និងបានរៀបចំធ្វើការថែទាំ និងជួយជុលផ្លូវ ពីក្រុងសែនមនោម្យ រហូតដល់ចំណុចអូរខ្វាវ ស្ថិតនៅឃុំមេម៉ង់ ស្រុកកែវសីមា ប្រវែងជាង៦០គីឡូម៉ែត្រ គម្រោងទាំងនេះ នឹងស្ថាបនាសាងសង់រយះពលេ៦ខែ ដោយគ្រោងចំណាយថវិកាជាង២លានដុល្លា៕

អត្ថបទ នាង ចាន់ថា +ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation