កាកបាទក្រហមកម្ពុជាប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដើម្បីទ្រទ្រង់ដល់ព្រះសង្ឃ និងសមណសិស្សក្នុងវត្តប្រជុំនទីក្រហារក្នុងក្រុងតាខ្មៅខេត្តកណ្តាល 
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ អ៊ុក ម៉ាលី អគ្គហិរញ្ញឹក រួមនិងសហការីនៃកាកបាទក្រហមកម្ពុជាបាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន៤០លានរៀល ប្រគេនដល់វត្តប្រជុំនទីក្រហារក្នុងក្រុងតាខ្មៅខេត្តកណ្តាលនារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃគង់ក្នុងវត្ត១៩២អង្គ និងសមណសិស្សដែលកំពុងសិក្សានូវមុខវិជ្ជាផ្លូវលោកនិងផ្លូវធម៌នៅពុទ្ធិកវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនក្រពើហារ ស្ថិតក្នុងបរិវេណវត្តប្រជុំនទីក្រហារចំនួន២៧៤អង្គ និងគណៈគ្រប់គ្រង សាស្ត្រាចារ្យ៣០អង្គនាក់។ 

បន្ទាប់ពីបានសូត្រមន្ត បង្សុកូល សមាទានសីល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន មាតាបិតា និងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក រួចមក ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្ត និងព្រះសង្ឃ រួមនិងគណៈកម្មការអាចារ្យវត្តក៏បានប្រគេនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាទាំងអស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជួយឧបត្ថម្ភទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំនិងរីកចម្រើន ព្រមទាំងដើម្បីបន្តជួយប្រជាពលរដ្ឋ និង អភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។  

ឆ្លៀតក្នុងឱកាសនៃការប្រគេនទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និង បច្ច័យដល់ព្រះសង្ឃនោះដែរ លោកជំទាវ ឃួន សុដារី និង លោកជំទាវ អ៊ុក ម៉ាលី បានធ្វើទានជាមួយលោកយាយលោកតាដែលបានចូលរួមក្នុងពិធីនេះសរុបចំនួន២៧នាក់ម្នាក់ៗទទួលបានក្រណាត់សមួយដុំដោយក្នុងក្រណាត់សនោះមានភ្ជាប់ជាមួយនូវថវិកា១ម៉ឺនរៀលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ដែលប្រគេនជូនវត្តនៅពេលនេះអង្ករ៣តោន មី១០០កេស ត្រីខ១០កេស ទឹកក្រូច៣០កេស ទឹកសុទ្ធ៣០កេស ទឹកដោះគោខាប់៥កេស កាហ្វេហ្គោរូស៣០កញ្ចប់ធំ ស្ករស៥០គីឡូក្រាម តែ ៥គីឡូ ថវិកា៤០លានរៀល ជាមួយគ្នានេះលោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា  និងលោកជំទាវ អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជាក៏បានបន្ថែមបច្ច័យម្នាក់១លានរៀលទៀត  ជូនដល់វត្តសរុបមកបច្ច័យប្រគេនមានចំនួន៤២លានរៀល៕ដោយ៖ ថឹង ចាន់ថារ៉ាន់

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation