សម្តេចក្រឡាហោមអំពាវនាវឲ្យពលរដ្ឋថែទាំសុខភាព កំលុងកម្ពុជាមានស្ថានភាពអាកាសធាតុក្តៅខ្លាំង
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវបានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ត្រូវហូបស្អាត និងពិសាទឹកដាំឆ្អិន ខណៈពេលដែល កម្ពុជាកំពុងតែមានស្ថានភាពអាកាសធាតុក្តៅខ្លាំងនារដូវប្រាំងនេះ ។


ការអំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងឱកាស ដែលសម្តេច បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនិវត្តជន ជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនពិការ ក្នុងខេត្តបាត់ដំបង និងមន្ត្រីនគរបាលចូលនិវត្តន៍នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង សរុបទាំងអស់ជាង២៧០០នាក់ ដែលបានធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នាព្រឹកមិញនេះ ។


សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយសារតែស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យ ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលនៃអាកាសធាតុក្តៅហួតហែងខ្លាំង ជាពិេសសនៅក្នុងរដូវប្រាំងនេះ កត្តាសំខាន់ សូមឲ្យមានការហូបស្អាតជានិច្ច ដើម្បីកុំឲ្យកើតជំងឺដង្កាត់ផ្សេងៗ ហើយបើមានជួបបញ្ហា សូមប្រញ៉ាប់ទៅរកសេវា ព្យាបាលឲ្យបានទាន់ពេលវេលា ។


នៅក្នុងពិធីជួបសំណេះសំណេះសំណាលនេះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ចំពោះបងប្អូនសមាជិកសមាគមអតីតយុទ្ធជនទាំងអស់់ និងបានសំដែងនូវការដឹង គុណចំពោះបងប្អូនដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូតដល់ហ៊ានលះបង់អាយុជីវិត ដែលបានបន្សល់ទុកមកជាមួយនូវពិការភាព ដៃ ជើង និងភ្នែក និងការវិនាសព្រាត់ប្រាស់ក្រុមគ្រួសារដល់បច្ចុប្បន្ន ។ សម្តេចបានបង្ហាញថា ក្នុងនោះមន្ត្រីរាជការស៊ីវិល ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយសារតែបញ្ហានេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់ចោលនោះទេ គឺតែងតែយកចិត្តទុកដាក់ដល់ពួកគាត់គ្រប់ពេលវេលា ទាំងការតំឡើងប្រាក់បៀរវត្សរ៍ ទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គមនិងការកែទម្រង់ជាបន្តបន្ទាប់ ហើយការកែទម្រង់នេះមិនត្រឹមតែកែសម្រាប់មន្ត្រីរាជការ ស៊ីវិលកំពុងតែធ្វើការងាររាល់ថ្ងៃនោះទេ តែសម្រាប់មន្ត្រីចូលនិវត្តន៍ក៏ត្រូវបានយកចិត្តទុកដាក់លើការកែទម្រង់ ដល់ពួកគាត់ដោយផ្តល់ឲ្យធ្វើការងារបក្ស ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភទៅតាមកម្រិតផងដែរ ។


សម្តេច ស ខេង បានបញ្ជាក់ថា ការចូលធ្វើការក្នុងជួរមន្ត្រីរាជការ ក៏ដូចជាស្ថាប័នកងកម្លាំងប្រដាប់អាវុធ ត្រូវតែមានការ ប្រឡងជាមុន ដើម្បីជ្រើសរើសយកអ្នកមានសមត្ថភាព និងចំណេះដឹងទើបអាចចូលបម្រើការងារបាន ហើយ មិនមានការបន្ថយ ឬពន្យាអាយុ ដើម្បីបានធ្វើការយូរបានទេ មានន័យថា សម័យទំនើបនេះពេលមន្ត្រីដល់អាយុត្រូវចូលនិវត្តន៍ គឺប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹដំណឹងជាមុនចំពោះអ្នកដែលត្រូវចូលនិវត្តន៍តែម្តង ។


នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣នេះនេះ ដែរ សម្តេចក្រឡាហោម ស ខេង បានផ្តល់ជូនថវិកា ដល់និវត្តជន ជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនពិការក្នុងខេត្តបាត់ដំបង និងមន្ត្រីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សរុបទាំងអស់ជាង២៧០០នាក់ ដែលក្នុងម្នាក់នូវថវិកា ចំនួន៥ម៉ឺនរៀលផងដែរ ៕
ដោយ៖ ឡាច សុគន្ធាវី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation