អ្នកឧកញ៉ាគិត ម៉េង ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តស្ទឹងត្រែង អាណត្តិទី៥
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមនៃព្រះជាណាចក្រកម្ពុជា សម្រេចតែងតាំងជាប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តស្ទឹងត្រែងសម្រាប់អាណត្តិទី៥គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៥។

សូមជម្រាបថា នៅព្រឹកថ្ងៃពុធ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ (២០១៩-២០២៥)ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំធំនៃសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ១៨៩នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង ឯកឧត្តម ម៉ុម សារឿន ជាប្រធានគណៈកម្មាធិការសាខា, អ្នកឧកញ៉ា គិត ម៉េង ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន ៤៧នាក់។ សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែល មានសមាសភាព ១៥ នាក់ ស្រី២ នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម ម៉ុម សារឿន ជាប្រធានគណៈកម្មាធិការសាខា, លោកជំទាវ គង់ សំអាត និងលោកស្រី សន សុខា ជាអនុប្រធាន, លោក ខេង ទិត្យសីហា ហេរញ្ញិក និងលោក ហ៊ាង ប៉ូលី ជាលេខាធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា ១០ នាក់ ក្នុងនោះ សមាជិកបម្រុង ២នាក់។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥
៤/ ប្រកាសសេចក្ដីសម្រេចតែងតាំងប្រធាន អនុប្រធានកិត្តិយស
សាខាអាណត្តិទី៥។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុកកាន់តែជិតស្និទ្ធថែមទៀត
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។

សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា,អនុសាខាទាំង ៦ស្រុក /ក្រុង និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន ៣០នាក់ផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation