សារក្រើនរំលឹក! រយៈពេលមួយឆ្នាំ២០១៨ អគ្គីភ័យ៥៣៤ករណី សម្លាប់ពលរដ្ឋកម្ពុជា១៧នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ករណីគ្រោះថ្នាក់អគ្គិភ័យបានកើតមានឡើងចំនួន៥៣៤លើក/៥១៤លើក បណ្តាលឲ្យមនុស្សស្លាប់១៧នាក់ និងរងរបួស៥២នាក់ និងតូបលក់ដូរចំនួន៣៩៦តូប។

នេះបើយោងតាមលើកឡើងរបស់លោឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ករពន្លត់អគិ្គភ័យ និងសង្គ្រោះ ក្រសួងមហាផ្ទៃ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានបន្តឲ្យដឹងទៀតថា ករណីគ្រោះអគិ្គភ័យនេះគឺបណ្តាលមកពីភាគច្រើនផ្តើម ចេញពីការតចរន្តអគ្គិសនីខុសបច្ចេកទេស ការឆ្វេសប្រហែសភ្លើងចង្ក្រាន ទៀនធូប និងកំប៉ុងហ្គាសចាស់ៗ។ល។ ក្នុងករណីអគ្គិភ័យ៥៣៤លើក កម្លាំងនគរបាលបានចេញអន្តរាគមន៍ពន្លត់ទាន់ពេលវេលាបានចំនួន៤៥៥លើកផងដែរ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានឲ្យដឹងទៀតថា ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ អគិ្គភ័យកើតមានចំនួន១៤៩លើក/១៦៥លើក បណ្តាលឲ្យមនុស្សស្លាប់១០នាក់ និងរងរបួស២៤នាក់ និងឆេះផ្ទះអស់ ចំនួន១១៦ខ្នង។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានលើកឡើងនៃកិច្ចសហការពន្លត់អគ្គិភ័យកន្លងមក តែងតែបានជួបបញ្ហា ក្នុងការសហការរវាងម្ចាស់ដែនដី បណ្តាអង្គភាព និងវិស័យឯកជន។ លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានក៏បានលើកឡើង នូវករណីជាក់ស្តែងនៅក្នុងឆ្នាំ២០១៨កន្លងទៅ ឆេះឃ្លាំងនិងផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅផ្សារដេប៉ូជាដើម។

លោកឧត្តសេនីយ៍ទោ នេត វន្ថា បន្តថា កន្លងមកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដោយផ្ទាល់មាត់ដល់នាយកដ្ឋានជំនាញ រាលមានករណីអគិ្គភ័យកើតមានឡើង ប្រធាននាយកដ្ឋាន ត្រូវចុះដល់កន្លែងកើតហេតុ ហើយរកឲ្យឃើញប្រភពនៃដើមចមដែលបង្កជាអគ្គិភ័យ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិក៏បានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែបង្កើនសមត្ថភាពជំនាញរបស់ខ្លួនបន្ថែមទៀតទៅតាមនាយកដ្ឋានរបស់ខ្លួន ហើយត្រូវចេះថែរក្សានូវសម្ភារៈ ដែលបានប្រគល់ជូនស្របតាមក្របខណ្ឌ នៃមុខងាររបស់ខ្លួន៕អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation