៤ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ កើនឡើងជិត ១៤% - CNC News
៤ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ កើនឡើងជិត ១៤%
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានថ្លែងថា ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២,១ លាននាក់ កើនឡើង ១៣,៥%។ ហើយបើតាមការព្យាករណ៍ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួនប្រមាណ ៦,២លាននាក់ នៅឆ្នាំ២០១៨នេះ។
ឯកឧត្តម ជា បូរ៉ា បន្តថា វិស័យទេសចរណ៍ បានរួមចំណែកបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិ ជំរុញដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តមលើកឡើងថា ឆ្នាំ២០១៧ កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ បាន មកចូលទស្សនានៅកម្ពុជា ក្នុងអាត្រាកំណើន ១១,៨% និងនាំប្រាក់ចំណូលប្រមាណ ៣៤០០ លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ១៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឹននាក់។

ការបញ្ជាក់របស់ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការកត់ត្រាចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកា និងការអនុវត្តមាតិកាថវិកាថ្មី និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ជូនមន្ត្រីរាជការនៃក្រសួងទេសចរណ៍ នៅថ្ងៃទី ០៥ ខែមិថុនានេះ។ ជាមួយគ្នានោះឯកឧត្តម ជា បូរ៉ា បានថា វគ្គបណ្ដុះបណ្ដាលនេះ ជាការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ផ្តល់ជូនមន្ត្រីជំនាញជាអ្នកអនុវត្តផ្ទាល់នៅរដ្ឋបាលកណ្តាលនិងមកពីមន្ទីរទេសចរណ៍ រាជធានី ខេត្ត សរុបប្រមាណ ១២៧នាក់ ក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេចរណ៍នេះឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបន្តគៀងគរបង្កើនចំណូលជាតិ និងឱកាសការងារសម្រាប់ប្រជាជន។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍រំពឹងថា និងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៧លាននាក់ និងនាំមកនូវចំណូលសរុបប្រមាណ ៥០០០ លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់៕


អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation