ក្រសួងបរិស្ថាន និងក្រសួងអប់រំ ប្រកាសបើកយុទ្ឋនាការ «រួមគ្នាកាត់បន្ថយប្លាស្ទិក» នៅតាមសាលារៀន
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ នាថ្ងៃទី៥ ខែមិថុនា នេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកយុទ្ឋនាការ «រួមគ្នាកាត់បន្ថយប្លាស្ទិក» តាមរយៈការបញ្ជ្រាបការយល់ដឹងបរិស្ថាននៅតាមសាលារៀន ដោយផ្តើមជាដំបូងនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមផ្កូវ រាជធានីភ្នំពេញ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការបញ្ជ្រាបការយល់ដឹងនៅតាមសាលារៀន និងគ្រិះស្ថានឧត្តមសិក្សានានា ពិតជាមានសារៈសំខាន់ណាស់ និងឆាប់បានទទួលជ្រួតជា្របដល់សាធារណៈជន ហើយការកាត់បន្ថយចង់ប្លាស្ទិក គឺផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះប្អូនៗជាយុវជន សិស្សានុសិស្ស គឺជាចលករយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយឱ្យកាន់តែប្រសិទ្ឋភាព ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានបញ្ជាក់ថា វេទិកានាថ្ងៃនេះ ប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន ជាពិសេសការប៉ះពាល់នៃប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពមនុស្ស។ហើយការងារសំខាន់របស់យើងទាំងអស់គ្នា គឺរួមគ្នាទទួលខុសត្រូវលើបញ្ហាបរិស្ថាន គប្បីយកចិត្តទុកដាក់កាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព។

ឯកឧត្តម ស៊ូ សូវុធ បានលើកទឹកចិត្តដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីនៅក្នុងប្លាស្ទិកអាចបង្កឱ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ឋអេកូឡូស៊ី ជាពិសេសជីវៈចម្រុះនៅក្នុងទឹក អាចច្រលំថាជាចំណីហើយលេបចូល និងជាតិពុលនេះអាចជ្រៀតចូលទៅក្នុងខ្លួនមនុស្សនៅពេលដែលយើងបរិភោគវាចូលទៅ និង សូមកុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុល ដែលធ្វើឱ្យប៉ះពាល់ស្រទាប់អូហ្សូនយើង ។ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យ ទិវានេះមាននៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមន្ទីរបរិស្ថាននៅតាមបណ្តារាជធានី-ខេត្ត ធ្វើការសហការជាមួយ អាជ្ញាធរដែនដី និងបំផុសចលនាមហាជនឱ្យរៀបចំព្រឹត្តិការណ៍នេះ ទៅតាមទីតាំងនានា។


សូមបញ្ជាក់ថានៅក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនាឆ្នាំ២០១៨នេះ ក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការ «រួមគ្នាកាត់បន្ថយប្លាស្ទិក»។ យុទ្ធនាការនេះមាន គោលបំណងបំផុសចលនាទូលំទូលាយកាត់បន្ថយប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ៕



អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation