វីង និងហត្ថាកសិករ បេ្តជ្ញាចិត្តរួមគ្នាបង្កើនភាពទូលំទូលាយនៃសេវាហិរញ្ញវត្ថុ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅ គណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។

តាមរយៈភាពជាដៃគូនេះ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អតិថិជន នឹងអាចផ្ទេរប្រាក់ទៅវិញទៅមកដោយសុវត្ថិភាព ពីគណនីវីងទៅកាន់គណនីហត្ថាកសិករ ឬពីគណនីហត្ថាកសិករទៅកាន់គណនីវីង។ បន្ថែមពីលើសេវាដាក់ប្រាក់ទៅក្នុងគណនី អតិថិជនផ្នែកឥណទានរបស់ហត្ថាកសិករ ក៏អាចទៅកាន់ភ្នាក់ងារវីងជាង ៦០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដើម្បីដាក់ប្រាក់ចូលក្នុងគណនីហត្ថាកសិកររបស់ខ្លួន ដើម្បីទូទាត់ការសងបំណុលប្រចាំខែ ឬសកម្មភាពហិរញ្ញវត្ថុដទៃទៀតផងដែរ។

ភាពជាដៃគូនេះ អតិថិជនរបស់ហត្ថាកសិករ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលទូលំទូលាយ ដែលអនុញ្ញាតិឱ្យពួកគេអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ តាមរយៈកម្មវិធីស្មាតហ្វូនវីងរួមមានសេវាផ្ទេរប្រាក់, បង់វិក្កយបត្រ បញ្ចូលប្រាក់ទៅក្នុងទូរស័ព្ទ ទូទាត់ប្រាក់តាមអនឡាញ និងដោយស្កេនកូដ QR ក៏ដូចជាបទពិសោធន៍ទិញទំនិញពីបណ្តាហាងអន្ដរជាតិ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត។

លោក ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានមានប្រសាសនថាហត្ថាកសិករ និងវីង មានចំណុចដូចគ្នាជាច្រើន ដោយហេតុថាស្ថាប័នហិរញ្ញវត្ថុទាំងពីរ ជឿជាក់លើការដាក់បញ្ចូល ហិរញ្ញវត្ថុ និងមានការប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែងរបស់អតិថិជនរៀងៗខ្លួន។ លោកបន្តថា ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើង ក៏ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយ ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង។ យើងក៏កំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយការជួយដល់អតិថិជនរបស់យើង ក្នុងការកសាងទំនាក់ទំនងជាមួយដៃគូហិរញ្ញវត្ថុ ដែលគួរអោយជឿជាក់និងទុកចិត្តបាន សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលវែង របស់ពួកគេ”។

ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូននូវភាពងាយស្រួល ក្នុងការដាក់ប្រាក់បញ្ញើសន្សំ ឬការបង់ប្រាក់សងត្រលប់វិញ ដល់គ្រប់អតិថិជនរបស់ហត្ថាកសិករ ដែលជាទៀងទាត់តែងតែមកកាន់គ្រឹះស្ថាននេះ ហើយហត្ថាកសិករ នឹងជួយឲ្យផលិតផល និងសេវាកម្មផ្សេងៗ ក៏ដូចជាការសហការថ្មីជាមួយដៃគូអាជីវកម្មផ្សេងៗ ដើម្បីពង្រីកបណ្តាញធនាគារ និងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានប្រសាសន៍ថា ភាពជាដៃគូមានន័យថា ចំនួនអ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារ កាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសកម្ពុជាអាចមានលទ្ធភាពទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាព ដើម្បីជួយបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ ហើយវីងពិតជារំភើបខ្លាំងណាស់ ក្នុងការចូលរួមចំណែកនៅក្នុងដំណើរការនេះ។ លោក បញ្ជាក់ថា វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់ធនាគារឯកទេសវីង ក្នុងការធ្វើការជាមួយហត្ថាកសិករ តាមរយៈការចែករំលែកនូវលទ្ធភាពនៃការប្រើប្រាស់សេវានៅតាមបណ្តាញភ្នាក់ងារវីង និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់យើង ទៅឱ្យគ្រប់អតិថិជនរបស់ហត្ថាកសិករ ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបាន នូវសេវាកម្មហិរញ្ញវត្ថុទាំងនោះ៕អត្ថបទ៖អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation