ចិនគ្រោងបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជាចិនដ៏ធំមួយនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចិនមានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅក្នុងប្រទេសកម្ពុជា និងស្វែងយល់ពីស្ថានភាពគោលនយោបាយនៃការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ឯកឧត្តម អ៊ិត សំហេង បញ្ជាក់បន្តថា ការចាប់អារម្មណ៍ខ្លាំងទៅលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសគម្រោងបង្កើតសាកលវិទ្យាល័យរបស់ប្រទេសចិននេះ គឺស្របទៅនឹងយុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។

ការបញ្ជាក់បែបនេះ ធ្វើឡើង ក្រោយជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យពហុបច្ចេកទេសធានជីង មកពីសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៨នេះ ដែលគណៈប្រតិភូនេះ ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។

រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមទៀតថា សាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជាចិនដែលគ្រោងនឹងបង្កើតដោយមិត្តចិននេះ នឹងរួមវិភាគទានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលបណ្តុះបណ្តាលលើកម្រិតជាន់ខ្ពស់ តាំងពី កម្រិតបណ្ឌិត អនុបណ្ឌិត រហូតដល់វិជ្ជាជីវៈ មានសញ្ញាបត្រជាន់ខ្ពស់ ដល់វិញ្ញាបនបត្រ ដែលការបង្រៀននេះ ប្រើប្រាស់ជាភាសាខ្មែរ ចិន និងភាសាដទៃទៀត។

សូមជំរាបថា ឆ្លងតាមរយៈការពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងការងារ និងប្រតិភូនៃសាកលវិទ្យាល័យពហុបច្ចេកទេសធានជីងរួចហើយនោះ គម្រោងនៃការបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជាចិននេះ ភាគីចិន នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ដើម្បីជាការអបអរសាទទៅដល់ខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន៕



អត្ថបទ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation