បើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅខេត្តព្រះសីហនុ ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងក្នុងពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហម ខេត្តព្រះសីហនុសហប្រតិបត្តិការរួមគ្នាជាមួយកម្លាំងនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តនិងយុវជនកាកបាទក្រហមមកពីសាលាគោលដៅចំនួនពីរ បានរៀបចំកម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្នុងគោលដៅចំនួនបួន៖ នៅស្តុបពាណិជ្ជកម្ម ស្តុបកាល់តិច ចំណតបេនឡានមហោស្រពនិងចំណតឡានផ្សារលើ នាព្រឹកថ្ងៃទី០២ វិច្ឆិកាឆ្នាំ២០១៩។


កម្មវិធីរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កំលុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩នេះ។


យុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ បានទទួលការគាំទ្រ និងបច្ចេកទេសពីអង្គការខេមសេហ្វ និងឧបត្ថម្ភថវិកាដោយក្រុមហ៊ុន APIWSA ។


នៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ហេង ផានិត តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ លោកវីរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ នគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តព្រះសីហនុ កញ្ញា អ៊ុច ធារី តំណាងរបស់ក្រុមហ៊ុន APIWSA ។


អ្នកសម្របសម្រួលគម្រោងសុវត្ថិភាពចរាចរណ៍កាកបាទក្រហមកម្ពុជានិងជាឧត្តម្ភទីប្រឹក្សាបច្ចេកទេសអង្គការ CaMSafe ព្រមទាំងយុវជនកាកបាទក្រហមមកពីសាលាវិទ្យាល័យ ហ៊ុន សែនមិត្តភាព ៥០នាក់ និងវិទ្យាល័យក្រុងព្រះសីហនុ ៥០នាក់ និងមន្រ្តីនគរបាលចរាចរណ៍ ៣៤នាក់ សរុប ១៣៤នាក់។


ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធដែលបានចូលរួមកម្មវិធីទាំងអស់ បានបន្តចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ តាម រយៈការចែកប័ណ្ណប្រកាស និងបិទស្ទីកឃ័រយានយន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារ ចំណតរថយន្តឈ្នួល និងម៉ូតូកង់បី ភោជនីយដ្ឋានតាមដងផ្លូវសំខាន់ៗ ព្រមជាមួយការដាក់រៀបចំនូវគោលដៅរបស់នគរបាលចរាចរណ៍ ដើម្បីផ្សព្វផ្សាយខ្លឹមសារអប់រំផ្សព្វផ្សាយនេះផងដែរ។


យុទ្ធនាការក៏មានចងបដាដែលមានខ្លឹមសារ “ពិសាគ្រឿងស្រវឹង កុំបើកបរ” ការរំលឹកតាមឧឃោសនស័ព្ទនូវសារអប់រំជាច្រើនដែលក្នុងនោះមានរំលេចនូវផលវិបាកស្ដីពីការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង បូករួមទាំងការចែកប័ណ្ណប្រកាសអប់រំឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរបានដឹងពីឥរិយាបទខុសឆ្គងដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ និងចៀសវាងការប្រព្រឹត្តកំហុសទាំងនោះ។រៀងរាល់ឆ្នាំប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅជួបជុំគ្រួសារ ទៅកាន់រមណីយដ្ឋាននានា ឬទៅចូលរួមការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅក្នុងរាជធានីភ្នំពេញ។


យោងតាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកបាត់បង់ជីវិត កើនឡើងក្នុងកំំំលុលងពេលពិធីបុណ្យជាតិនេះដោយហេតុរួមផ្សំច្រើនយ៉ាង ក្នុងនោះរួមមាន៖ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព ។ល៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation