៥ខែដើមឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាម ប្រមាណ៣ម៉ឺន៥ពាន់ប្លោក
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ ៖ គិតចាប់ពីដើមខែមករា រហូតដល់​ខែឧសភា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាម និងបានបញ្ជូនឈាម ទៅកាន់មន្ទីរពេទ្យទូទាំងប្រទេស មានចំនួនប្រមាណ៣ម៉ឺន៥ពាន់ប្លោក​។ ដោយឡែក សន្ទុះនៃតម្រូវការឈាម នៅទូទាំងប្រទេស ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ មានការកើនឡើង ពី១៥ទៅ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។


នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើង នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ ក្នុងឱកាសដែលមជ្ឈមណ្ឌល បានទទួលអំណោយឈាម ពីបុគ្គលិកនៃក្រុមហ៊ុនឯកជនចំនួន៣ គឺក្រុមហ៊ុនប្រេងឥន្ធនៈ សូគីមិច, បុគ្គលិកសណ្ឋាគារ សុខា និងបុគ្គលិក នៃមន្ទីរពេទ្យជោរ៉ៃភ្នំពេញ។


លោកវេជ្ជបណ្ឌិត បានឲ្យដឹងដែរថា តម្រូវការឈាម និងការផ្តត់ផ្គង់ឈាម មានប្រមាណ២០០ប្លោក ជារៀងរាល់ថ្ងៃ ក្នុងនោះអ្នកស្ម័គ្រចិត្ត មានប្រមាណ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ សាច់ញាតិរបស់ក្រុមគ្រួសារអ្នកជំងឺ គឺជាអ្នកផ្តល់ឈាម ដូច្នេះហើយទើបមជ្ឈមណ្ឌល អាចឆ្លើយតបបាន ជាមួយនឹងតម្រូវការឈាម។

បើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត ស៊ិន សុកុមុត អនុប្រធានមន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានឲ្យដឹងថា មានអត្ថប្រយោជន៍សំខាន់ៗ៥យ៉ាង ចំពោះសុខភាព នៃអ្នកដែលបានផ្តល់ឈាម។

លោកអនុប្រធានមន្ទីរពេទ្យ បានឲ្យដឹងដែរថា នេះគឺជាលើកទី៤ហើយ ដែលបុគ្គលិកមន្ទីរពេទ្យ បានចូលរួមសកម្មភាពបរិច្ចាគឈាមនេះ ហើយដោយមើលឃើញ ពីការកើនឡើង នៃតម្រូវការឈាមនោះ មន្ទីរពេទ្យមានគម្រោងបរិច្ចាគឈាម ឲ្យបាន២ដងក្នុងមួយឆ្នាំ សម្រាប់កម្មវិធីបរិច្ចាគឈាម នាពេលខាងមុខ។


សូមជម្រាបថា នៅក្នុងឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួល​ និងផ្គត់ផ្គង់ឈាម ប្រមាណ៧ម៉ឺន៥ពាន់ប្លោក។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ហុក គឹមចេង នៅតែបន្តជម្រុញ ឲ្យប្រជាពលរដ្ឋ​ ចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះជីវិត អ្នកជំងឺ៕

អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation