អ្នកឧកញ៉ា គិត ម៉េង គោរពថ្លែងអំណរគុណសម្តេចតេជោ ក្រោយអនុញ្ញាតឲ្យក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវ៉េបន្តធ្វើអាជីវកម្មលើផ្លូវដែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ បានសម្តែងនូវការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ បន្តប្រតិបត្តិការដឹកជញ្ជូន ទំនិញ និង អ្នកដំណើរ តាមផ្លូវដែក។

ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ សូមគាំទ្រនូវសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនេះគឺមានអត្ថន័យ និងជាការលើកទឹកចិត្តគាំទ្រដ៏ធំធេងដល់វិស័យឯកជនក្នុងស្រុក ដែលកំពុងស្ទុះងើបឡើងនេះ ឲ្យមានឱកាស លទ្ធភាព និង សមត្ថភាព រួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចកម្ពុជា ដូចដែល សម្តេចតេជោនាយករដ្នមន្ត្រី ធ្លាប់មាន ប្រសាសន៍ថា៖ «ចង់ឃើញវិស័យឯកជនកម្ពុជា មានឋាមពលរឹងមាំ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងភាពជាម្ចាស់ប្រទេស»។

ភ្ជាប់គ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ ក៏សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ដែលបានធ្វើសេចក្តីជូនដំណឹងជាផ្លូវការ ចុះថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ ប្រតិបត្តិការផ្លូវដែកនេះឡើងវិញ។ ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េលវ៉េ នឹងខិតខំសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាពនៃការដឹកជញ្ជូនតាមផ្លូវដែក​ឲ្យកាន់តែល្អ ប្រសើរឡើង ទាំងការដឹកជញ្ជូន ភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូកុងតឺន័រ មិនឲ្យ រាំងស្ទះឡើយ។

យោងតាមការសម្រេចចិត្ត និងសេចក្តីជូនដំណឹងនេះដែរ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ នឹងប្តេជ្ញាខិតខំពង្រឹងលើកកម្ពស់ លក្ខណៈស្តង់ដារ នៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យទាន់សម័យជាអន្តរជាតិឲ្យមានភាពជឿជាក់ មានសុវត្ថិភាព មានប្រសិទ្ធភាព មានតម្លៃសមរម្យ ដើម្បីជាការរួមចំណែកជំរុញវិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា ក្លាយជាឆ្អឹងខ្នង សេដ្ឋកិច្ចដ៏សំខាន់ ពិតប្រាកដ ក្នុងការបង្កើត កាលានុវត្តភាពថ្មីៗ សម្រាប់ប្រជាជាតិកម្ពុជា។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំព្រមទាំងបុគ្គលលិកទាំងអស់នៃ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំប្រឹងប្រែងដោយមិនខ្លាច ការនឿយហត់ ដឹកនាំប្រទេសជាតិ ឈានឆ្ពោះទៅឯករាជ្យខាងសេដ្ឋកិច្ចនិង រីកចម្រើនលើគ្រប់វិស័យ។ ក្រុមហ៊ុននឹងប្តេជ្ញា សហការធ្វើការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើកិច្ចសន្យាបំពេញបន្ថែមនានា ដើម្បីលើកកម្ពស់វិស័យ ផ្លូវដែកកម្ពុជាឲ្យបានជឿនលឿនគួរជាទីមោទនសម្រាប់ជាតិនិងប្រជាជន។

សូមជម្រាបដែរថា កាលពីសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន បានសម្រេចផ្តល់ឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ដោយក្រសួងបានបញ្ជាក់ថា ការផ្តល់បន្តប្រតិបត្តិឡើងវិញនេះដោយសារក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេស ពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក ក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េបន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល។

ទន្ទឹមនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឲ្យសមស្របទៅនឹង តម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនិងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈ ស្តង់ដារអន្តរជាតិ និងធ្វើឲ្យ មានភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation